ឡុង សុវណ្ណឌឿន ជំទាស់នឹងលទ្ធផលបន្ទាប់ពីចាញ់កីឡាករឡាវ​ ថាវ អ៊ូឡាន

ភ្នំពេញ​៖​ ព្រឹត្តិការណ៍ដណ្តើមខ្សែក្រវាត់ខារ៉ាបាវរជ្ជកាលទី២ សម្រាប់ប្រភេទទម្ងន់៦៩គីឡូក្រាមបានធ្លាក់មកក្នុងកណ្ដាប់ដៃអ្នកប្រដាល់ឡាវ ថាវ អ៊ូឡាន​ បន្ទាប់ពីបានឆ្លងកាត់វគ្គប្រកួតផ្ដាច់ព្រ័ត្រដោយបានយកឈ្នះកីឡាករ​ឡុង សុវណ្ណឌឿន មកពីក្លិបសាលវ័ន្ដកីឡាដោយពិន្ទុមិនឯកច្ឆន្ទរួចមក ។​ ក្រោយបញ្ចប់ការប្រកួតទាំង ៥ ទឹកគេមើលឃើញថាសុវណ្ណឌឿនមានប្រៀប ២ទឹកដំបូងប៉ុន្តែ​ ៣ទឹកចុងក្រោយគេចាញ់ប្រៀបថាវ អ៊ូឡានវិញ ។ ជាផលទ្ធផល​ ក្នុងចំណោមចៅក្រម​ទាំង ៥នាក់មាន ២នាក់ផ្ដល់ពិន្ទុឲ្យសុវណ្ណឌឿនឈ្នះគឺលោកយឹម សុខុមឲ្យសុវណ្ណឌឿន៩៨ទល់៩៧ និងលោកឃន ច័ន្ទគុណវឌ្ឍន៍ផ្ដល់ពិន្ទុឲ្យសុវណ្ណឌឿន៩៨ទល់៩៧ដែរ ។ ចំណែក ចៅក្រម៣រូបដែលឲ្យថាវ អ៊ូឡានឈ្នះនោះគឺឈលោកនួន បូរ៉ា លោកញនិន វណ្ឌី និង លោកឡុង វណ្ណថនដែលសុទ្ធតែផ្ដល់ពិន្ទុឲ្យថាវ អ៊ូឡាន៩៨ទល់៩៧ ដូចគ្នា ។

ជាមួយនឹងការបរាជ័យនេះសុវណ្ណឌឿនបានសម្តែងការមិនពេញចិត្តដោយចាត់ទុកថានេះជាការផ្ដល់ពិន្ទុមិនយុត្តិធម៌របស់ចៅក្រមកម្ពុជាទាំង៣រូបដែលផ្ដល់ពិន្ទុឲ្យអ្នកប្រដាល់ឡាវឈ្នះ ។ ពាក់ព័ន្ធនឹងករណីនេះលោកចៅក្រមនួន បូរ៉ាដែលផ្ដល់ពិន្ទុឲ្យថាវ អ៊ូឡានឈ្នះនោះបានអះអាងថាសុវណ្ណឌឿនពិតជាចាញ់មែនបេះដូងរបស់លោកយុត្តិធម៌ណាស់លោកក៏ចង់ឲ្យខ្មែរឈ្នះដែរតែសុវណ្ណឌឿនពិតជាចាញ់មែន ។

ជាមួយគ្នានោះ ភរិយាអ្នកប្រដាល់ឡុង សុវណ្ណឌឿន​ បានស្រែកក្ដែងៗថាមិនយុត្តិធម៌ មិនតែប៉ុណ្ណោះភរិយារូបនោះបានស្រែកបញ្ចេះប្ដីមិនឲ្យនៅយកប្រាក់រង្វាន់ចំណាត់ថ្នាក់លេខ២នេះទៀតផង ។ លោកឧត្តមសេនីយ៍ឯកតែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់គុនខ្មែរបានទទួលស្គាល់ថាការផ្ដល់ពិន្ទុរបស់ចៅក្រមគឺយុត្តិធម៌ហើយគ្មានការលម្អៀងនោះឡើយ ៕

អត្ថបទ៖​ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ