ពានរង្វាន់ KRE League 2017 ប្រកាសបើកការប្រកួតជាផ្លូវការហើយ!

ភ្នំពេញ៖ ពានរង្វាន់បាល់ទាត់អាជីពចម្រុះ Khmer Real Estate League រដូវកាលទី៦ ត្រូវបានប្រកាសបើកការប្រកួតជាផ្លូវការហើយ ដោយមាន ១៦ក្រុមចូលរួមជាមួយនឹងការផ្លាស់ប្ដូររូបមន្ដប្រកួតជាលក្ខណៈលីគវិញម្ដង ។ ពិធីបើកការប្រកួតពានកម្រិតពាក់កណ្ដាលអាជីពនេះ បានធ្វើឡើងកាលពីម្សិលមិញ លើទីលានដំរីស ក្រោមអធិបតីលោក គីម ហ៊ាង អគ្គនាយកក្រុមហ៊ុន ខ្មែរ រៀល អ៊ីស្ទេត និងជាស្ថាបនិកបង្កើតពាននេះ ។
លោក គីម ហ៊ាង បានមានប្រសាសន៍ថា ដំបូងឡើយពាននេះ គ្រោងអនុវត្តគោលការណ៍ប្រកួតជាលក្ខណៈ Cup ដោយមានបែកចែកពូលប្រកួតជម្រុះដូចរដូវកាលមុនៗដែរ ប៉ុន្ដែដោយសារភាពពេញនិយមលើការប្រកួតលក្ខណៈលីគ លោកក៏សម្រេចផ្លាស់ប្ដូររូបមន្ដប្រកួតជាលក្ខណៈលីគវិញ ដើម្បីបំពេញតម្រូវចិត្តក្រុមចូលរួម និងភាពរីកចម្រើននៃវិស័យបាល់ទាត់កម្ពុជាបច្ចុប្បន្ន ។
ដូច្នេះ ១៦ក្រុមចូលរួមត្រូវធ្វើការប្រកួតវិលជុំមួយជើង បើក្រុមណាសន្សំពិន្ទុបានច្រើនជាងគេ ៤ក្រុមកំពូលតារាងនឹងឡើងទៅវគ្គខ្វែង និងវគ្គផ្ដាច់ព្រ័ត្រ ។ ដោយឡែកចំពោះលក្ខខណ្ឌចូលរួមរដូវកាលថ្មីនេះ គឺក្រុមនីមួយៗ មានសិទ្ធិនាំចូលកីឡាករអាជីពកំពុងលេងក្របខណ្ឌលីកកំពូលកម្ពុជា ឆ្នាំ២០១៧ចំនួន ២នាក់ក្នុងមួយក្រុម ក្រៅពីនេះ គឺអាចនាំចូលបានដោយសេរី ។ ប៉ុន្ដែក្រុមចុះឈ្មោះទាំងអស់ ត្រូវបានកំណត់ឲ្យបង់ថវិកាចំនួន ១០០ដុល្លារ សម្រាប់បរិច្ចាគជួយមន្ទីរពេទ្យគន្ធបុប្ឋា ក្រោមការផ្ដួចផ្ដើមគំនិតពីលោក គីម ហ៊ាង ហើយលោកក៏រង់ចាំស្វាគមន៍ចំពោះសប្បុរសជន ឬតំណាងក្រុមនីមួយៗ ដែលមានសណ្ដានចិត្តចូលរួមជាមួយកម្មវិធីសប្បុរសធម៌នេះ ដើម្បីបង្កើនការជួយដល់សង្គមផងដែរ ។
ចំពោះលទ្ធផលបើកឆាកការប្រកួតពានរង្វាន់ Khmer Real Estate League 2017 សប្ដាហ៍ទី១ រួមមានក្រុមម្ចាស់ពាន Khmer United បានប្រកួតស្មើក្រុមបាយ័ន ដោយលទ្ធផល ២-២, ក្រុមណារីតា ប្រកួតស្មើក្រុមបាសាក់ ៣-៣, ក្រុម Avatar បំបាក់ក្រុមកូនខ្មែរ ៦-២, ក្រុមនិស្ស័យ លត់ក្រុម V.Train ៥-០, ក្រុមកំពង់ចាម យកឈ្នះក្រុម Glant FC ៤-២, ក្រុម Goodhill យកឈ្នះក្រុម Blue Dragon ៣-២, ក្រុមខ្លាស លត់ក្រុម HHK ៣-០ និងក្រុម Anvaya បានយកឈ្នះក្រុម Havas ដោយលទ្ធផល ១-០ ៕
អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ