EDC យកបាន ៣ពិន្ទុពេញពីវេស្ទើនភ្នំពេញ ខណៈបឹងកេតបានត្រឹមស្មើ

ភ្នំពេញ៖ ពិតជាមិនធម្មតាមែន! ក្រុមបាល់ទាត់អគ្គិសនីកម្ពុជា(EDC) បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីក្រុមជើងឯករងលីគលំដាប់ទី២ របស់កម្ពុជានេះ បានយកឈ្នះក្រុមវេស្ទើនភ្នំពេញ ដោយលទ្ធផល ២-១ ដែលអាចចាត់ទុកជាជ័យជម្នះដ៏អស្ចារ្យមួយ ខណៈក្រុមបឹងកេតអង្គរ បានត្រឹមប្រកួតស្មើក្រុមវេស្ទើនភ្នំពេញ ៣-៣ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧កន្លងទៅ ។

សម្រាប់ជំនួបជើងទី១ នៃលីគកំពូលកម្ពុជា រវាងក្រុមអគ្គិសនីកម្ពុជា និងក្រុមវេស្ទើនភ្នំពេញ ដែលធ្វើឡើងនៅកីឡដ្ឋានខេត្តស្វាយរៀងម្សិលមិញ ក្រុមវេស្ទើនបានបំប៉ោងសំណាញ់ទីក្រុមដឹកនាំដោយលោក ប្រាក់ វុទ្ធី ១គ្រាប់មុននៅតង់ទី១ ប៉ុន្ដែតង់ទី២ កីឡាករក្រុមអគ្គិសនីកម្ពុជា បានព្យាយាមវាយបករហូតរកបានគ្រាប់នាំមុខ ២-១ លើក្រុមវេស្ទើន ហើយលទ្ធផលនេះ បានរក្សាដល់ចប់ការប្រកួតពេញម៉ោងតែម្ដង ។ នេះគឺជាជ័យជម្នះលើកទី២ ក្នុងចំណោម ៥ប្រកួតរបស់ក្រុមចំណូលថ្មីអគ្គិសនីកម្ពុជា ដើម្បីឡើងទៅឈរលេខរៀងទី៦ និងមាន ៧ពិន្ទុជាមួយលទ្ធផលប្រកួត ៥លើកឈ្នះ២ ស្មើ២ និងចាញ់១ ពោលគឺចាញ់ក្រុមការពារតំណែងជើងឯកបឹងកេតអង្គរ និងក្រុមណាហ្គាវើល ដែលឈរលេខរៀងទី៤ និងទី៥ ត្រឹម ១ពិន្ទុប៉ុណ្ណោះ បើគិតលទ្ធផលការប្រកួត ៥សប្ដាហ៍កន្លងទៅដូចគ្នា ។

សូមបញ្ជាក់ថា ចំពោះចំណាត់ថ្នាក់បណ្ដោះអាសន្ន នៅក្នុងតារាងពិន្ទុសប្ដាហ៍ទី៥ នៃពានរង្វាន់លីគកំពូលកម្ពុជា រដូវកាលថ្មីនេះ គឺក្រុមព្រះខ័នរាជស្វាយរៀងកំពុងឈរកំពូលតារាង និងមាន ១៣ពិន្ទុ បន្ទាប់ពីបញ្ចប់ការប្រកួត ៥លើកឈ្នះ៤ និងស្មើ១ ខណៈក្រុមក្រសួងការពារជាតិឈរលេខរៀងទី២ និងមាន ១១ពិន្ទុ ក្រោយយកឈ្នះក្រុមប៉ូលិស ២-១ ម្សិលមិញទទួលបាន ៣ពិន្ទុបន្ថែម និងលេខរៀងទី៣ គឺក្រុមភ្នំពេញក្រោន ដែលមាន ១០ពិន្ទុជាមួយលទ្ធផលប្រកួត ៥លើកឈ្នះ៣ ស្មើ១ និងចាញ់១ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ