ក្រុម U-17បាទី លត់ក្រុមម្ចាស់ផ្ទះជប៉ុន ៦-១ ក្នុងជំនួបមិត្តភាពព្រឹកមិញ

ភ្នំពេញ៖ ក្រុមយុវជនសាលាបាល់ទាត់ជាតិបាទីអាយុក្រោម ១៧ឆ្នាំ(U-17) បានបំបាក់ក្រុមម្ចាស់ផ្ទះជប៉ុន Kashima Junior Youth U16 យ៉ាងចាស់ដៃជាមួយលទ្ធផល ៦-១ នៅក្នុងការប្រកួតលក្ខខណៈមិត្តភាពអន្ដរជាតិ នៅកីឡដ្ឋាន Zinzai Ikusei Stadium នៃតំបន់កាស៊ីម៉ា ប្រទេសជប៉ុនកាលពីព្រឹកមិញ ។ នេះបើយោងតាមប្រភពពព័ត៌មាន Page Facebook ផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ។

នេះគឺជាការប្រកួតលក្ខណៈកម្ដៅសាច់ដុំរបស់ក្រុម U-17បាទី ដែលកំពុងបោះជំរុំហ្វឹកហាត់នៅជប៉ុន និងត្រៀមខ្លួនចូលរួមប្រកួតពានរង្វាន់អន្ដរជាតិមួយ នៅទីនោះ គឺពាន U-16 J-League Challenge 2017 ដែលគ្រោងចាប់ផ្ដើមប្រកួតនាសប្ដាហ៍ក្រោយ ។ ចំពោះគ្រាប់បាល់ជ័យជម្នះខាងលើ គឺធ្វើសម្រេចដោយកីឡាករ សេត ម៉ាន់ស៊ូត, សៀង ចន្ធា, ផាច សុជាវិឡា, ហេង ទីណា, ទេស សម្បត្តិ និងកីឡាករ សៀន សុភក្រ្តា ។

គួរបញ្ជាក់ថា បេសកកម្មរបស់ក្រុម U-17បាទី នៅលើទឹកដីជប៉ុននេះ គឺជាការត្រៀមខ្លួនចូលរួមការប្រកួតពានរង្វាន់ជើងឯកលីគលំដាប់ទី២ រដូវកាលទី២ របស់កម្ពុជា ជាពិសេសគឺការត្រៀមខ្លួនចូលរួមប្រកួតពានរង្វាន់យុវជនប្រចាំតំបន់អាស៊ីអាគ្នេយ៍អាយុក្រោម ១៨ឆ្នាំ AFF U-18 Championship 2017 ដែលធ្វើឡើងនៅលើទឹកដីប្រទេសមីយ៉ាន់ម៉ា នាខែកញ្ញាខាងមុខតែម្ដង ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ