Fox Sports: ខ្សែប្រយុទ្ធ CV11 គួរលេងនៅលីគសិង្ហបុរី ឬម៉ាឡេសុី សិនមុនចូលទៅលីគជប៉ុន!

ភ្នំពេញ៖ គេហទំព័រព័ត៌មានកីឡា Fox Sports ដ៏ល្បីល្បាញទើបតែបានចេញផ្សាយនូវអត្ថបទមួយរបស់ខ្លួននាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧នេះ​ដោយបានបង្ហាញទស្សនៈថា កីឡាករវ័យក្មេងរបស់កម្ពុជា ចាន់ វឌ្ឍនាកា គួរតែចំណាយពេលលេងនៅក្នុងលីគនៃប្រទេសឈានមុខណាមួយនៅក្នុងតំបន់អាស៊ានមុននឹងបន្តដំណើរទៅកាន់លីគរបស់ប្រទេសជប៉ុនដែលជាទឹកដីនៃក្រុមបាល់ទាត់កំពូលៗនៅទ្វីបអាសុី ។

គេហទំព័រខាងលើបានលើកឡើងថា ប្រទេសសិង្ហបុរី និង​ម៉ាឡេសុីគឺជាជម្រើសដ៏ល្អដែលខ្សែប្រយុទ្ធវ័យ ២៣ ឆ្នាំរូបនេះអាចដកស្រង់បទពិសោធន៍បន្ថែមទៀតមុននឹងចាប់អាជីពនៅលីគណាមួយនៃប្រទេសជប៉ុន ពិសេសនៅលីគកំពូលតែម្តង ពោលគឺមិនមែនត្រឹមតែលីគទី៣ (J-League 3) ដែលរូបគេកំពុងចូលរួមនោះឡើយ ។

បន្ថែមពីលើនេះ Fox Sports បានបរិយាយថា កីឡាករដែលមានអនាគតភ្លឺចិញ្ចាចលំដាប់ទ្វីបអាសុីរូបនេះ បានស្ថិតរួចជាស្រេចហើយនៅក្នុងក្រសែភ្នែករបស់ក្លឹបបាល់ទាត់ធំៗនៅក្នុងប្រទេសម៉ាឡេសុី បន្ទាប់ពីរូបគេបានបង្ហាញទម្រង់លេងដ៏ល្អក្នុងព្រឹត្តិការណ៍  AFF Suzuki 2016 នាពេលកន្លងមក ហើយគេជឿជាក់ថា ការចូលរួមជាមួយក្លឹបបាល់ទាត់ឈានមុខណាមួយនៅក្នុងតំបន់អាស៊ាន និងអាចជួយឱ្យអាជីពរបស់រូបគេកាន់តែរឹងមាំថែមទាំងមានឱកាសកាន់តែច្រើនក្នុងការក្លាយខ្លួនជាសមាជិកនៃលីគបាល់ទាត់ខ្លាំងៗនៅក្នុងទ្វីបអាសុី ៕

អត្ថបទ៖ មករា

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ