អ្នកគាំទ្រការពារជាតិ អាចទស្សនាការប្រកួតពេលយប់នៅស្ដាតចាស់នាចុងខែមីនានេះ

ភ្នំពេញ៖ បន្ទាប់ពីដំឡើងបង្គោលភ្លើងរួចរាល់ ក្រុមបាល់ទាត់ក្រសួងការពារជាតិ បានប្រកាសគ្រោងរៀបចំការប្រកួតពេលយប់នាចុងខែមីនានេះ រាល់ការប្រកួតក្នុងដីទាំងពានរង្វាន់លីគកំពូលកម្ពុជា និងពានរង្វាន់ Hun Sen Cup រដូវកាលថ្មី ឆ្នាំ២០១៧ ។ នេះគឺជាដំណឹងល្អមួយ សម្រាប់អ្នកគាំទ្រក្រុមជើងឯករងឆ្នាំចាស់មួយនេះ ដែលមានពេលវេលាទស្សនាការប្រកួតតែពេលយប់នោះ ។


លោក ខូវ ឆាយ អ្នកចាត់ការទូទៅរបស់ក្រុមបានលើកឡើងថា «យើងកំពុងតែរួសរាន់ពីការរៀបចំដាក់បង្គោលភ្លើងនេះ ដើម្បីឲ្យទស្សនិកជនងាយទស្សនារប្រកួតពេលយប់ ដោយរំពឹងថា នឹងរួចរាល់នៅចុងខែមីនានេះ។ ក្រៅពីដាក់អំពូលតាមបង្គោលភ្លើងទាំង ៤នៅជុំវិញស្ដាត យើងក៏មានដាក់ភ្លើង LED ម្ខាង ២០គ្រាប់កៀនៗខាងមុខបន្ថែម ។ យើងគ្រោងដាក់អំពូលភ្លើងឲ្យបានកម្រិតចន្លោះពី ៨០០Lux ទៅ ១.០០០Lux ដើម្បីឲ្យត្រូវតាមស្ដង់ដាររបស់ AFC»។


បើតាមការបញ្ជាប់របស់លោក ខូវ ឆាយ បានឲ្យដឹងដែរថា តាមគម្រោងក្រុមក្រសួងការពារជាតិ អាចនឹងធ្វើជាម្ចាស់ផ្ទះការប្រកួតពេលយប់លើកដំបូង នៅក្នុងជំនួបជើងទី១ នៃលីគកំពូលកម្ពុជា ជាមួយក្រុមមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា(ស៊ីម៉ាក់) នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៧នេះ ៕


អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ