ឯកឧត្តមវ៉ាត់ ចំរើន៖ សហព័ន្ធកីឡាជាតិចំនួន ៤ទៀតប្រឈមនឹងការព្យួរសមាជិកភាព!

ភ្នំពេញ៖ ឯកឧត្តមវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានបង្ហើបឲ្យដឹងថាសហព័ន្ធជាតិ ២ ទៀតកំពុងតែប្រឈមនឹងការព្យួរសមាជិកភាព ។ ការបញ្ឈរសមាជិកភាពនេះមានហេតុផលរបស់វាគឺដោយសារវិបត្តិផ្ទៃក្នុងមិនព្រមដោះស្រាយ សហព័ន្ធគ្មានដំណើរការ សហព័ន្ធអស់សុពលភាពហើយមិនព្រមធ្វើមហាសន្និបាតដើម្បីជ្រើសរើសសមាជិកប្រតិបត្តិជាថ្មី ។

គួររំលឹកថា នៅដើមឆ្នាំនេះសហព័ន្ធជាតិចំនួន ២ ហើយដែលត្រូវគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាព្យួរសមាជិកភាពដោយសារតែមិនមានភាពចុះសម្រុងគ្នាក្នុងផ្ទៃក្នុងហើយអូសបន្លាយមិនព្រមដោះស្រាយ ។ សហព័ន្ធទាំង ២នោះគឺសហព័ន្ធយូដូ និង សហព័ន្ធវូស៊ូ ។ ឯកឧត្តមវ៉ាត់ ចំរើនបានបង្ហើបថាសហព័ន្ធជាតិចំនួន ៤ ទៀតដែលកំពុងតែប្រឈមនឹងការព្យួរសមាជិភាពនោះមានសហព័ន្ធបាល់ឱប សហព័ន្ធវ៉ូវីណាម សហព័ន្ធកីឡាហុកគី និង សហព័ន្ធបញ្ចសីលា ។

អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិករូបនេះព្រមានថាឆ្នាំ២០២៣កាន់តែមកកៀកហើយហេតុនេះអ្វីៗត្រូវធ្វើតាមផែនការ យើងមានជំហានដែលត្រូវដើរយើងមិនអាចធ្វើច្រំដែលៗបាននោះទេ ។ អូឡាំពិកបានប្រាប់ជាមុនហើយថារាល់បញ្ហាផ្ទៃក្នុងត្រូវដោះស្រាយឲ្យចប់មុនឆ្នាំ២០១៧ព្រោះឆ្នាំ២០១៧ជាឆ្នាំត្រូវពង្រឹងបច្ចេកទេសបើសហព័ន្ធណាអូសបន្លាយវិបត្តិផ្ទៃក្នុងនោះអូឡាំពិកត្រូវតែផាត់ចេញហើយកុំឲ្យនៅទើសដៃទើសជើង ៕

អត្ថបទ៖ វ៉ាន្នី

 

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ