អ្នកគាំទ្រថា ឃួន ឡាបូរ៉ាវី លេងអន់ តែផ្ទុយស្រឡះពីការយល់ឃើញប្រធានក្រុម Magwe!

ភ្នំពេញ៖ ក្រោយបង្ហាញវត្តមានលើទីលានជារឿយៗ មិនថាក្នុងក្រុមបឹងកេតអង្គរ ឬក្រុមជម្រើសជាតិកម្ពុជានោះ អ្នកគាំទ្រមួយចំនួន ពិសេសអ្នកទស្សនាផ្ទាល់តែម្ដង តែងលើកឡើងថា ទម្រង់លេងរបស់ខ្សែប្រយុទ្ធ ឃួន ឡាបូរ៉ាវី មានការធ្លាក់ចុះ និងលេងអន់ជាងមុនឆ្ងាយ ។ ជាក់ស្ដែងកំឡុងពេលក្រុមបឹងកេត ប៉ះក្រុម Magwe កាលពីយប់មិញ ក៏មានអ្នកទស្សនាផ្ទាល់មិនតិចដែរ ដែលសម្ដែងការមិនពេញចិត្ត ចំពោះចលនាលេងរបស់កីឡាករមានដើមកំណើតមកពីខេត្តកំពង់ចាមរូបនេះ ។

តាមរយៈការស្រែកពីកៅអីអង្គុយទស្សនាក្នុងពហុកីឡដ្ឋានជាតិ មានអ្នកខ្លះស្រែកថា “ឡាបូរ៉ាវី លេងអន់” ហើយអ្នកខ្លះស្រែកថា “ឡាបូរ៉ាវី គ្មានសាច់បាល់លេង” ។ នេះគ្រាន់តែយល់ឃើញរបស់អ្នកទស្សនាប៉ុណ្ណោះ ។ ប៉ុន្ដែចំពោះទស្សនៈផ្ទាល់របស់ប្រធានក្រុម Magwe កីឡាករ Sekou Sylla ដែលជាគូបដិបក្ខលើទីលានវិញ បានសម្ដែងការយល់ឃើញផ្ទុយស្រឡះពីអ្នកគាំទ្រ និងអ្នកទស្សនាទាំងឡាយ ពោលគឺខ្សែប្រយុទ្ធវ័យ ២៨ឆ្នាំ ឃួន ឡាបូរ៉ាវី មិនមែនជាកីឡាករធម្មតាដូចការលើកឡើងរបស់អ្នកគាំទ្រឡើយ ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានក្រោយក្រុមបឹងកេត យកឈ្នះក្រុមមីយ៉ាន់ម៉ា Magwe ដោយលទ្ធផល ១-០ នៅក្នុងជំនួបពានរង្វាន់ AFC Cup 2017 ពូលF យប់មិញ Sylla បាននិយាយថា «ការប្រកួតនេះ ខ្ញុំមើលឃើញថា ឃួន ឡាបូរ៉ាវី គឺជាកីឡាករល្អជាងគេ ដោយគាត់ចេះបណ្ដើរបាល់ និងគ្រប់គ្រងបាល់បានល្អ ទៅតាមកាលៈទេសៈ មិនងាយស្រួលឲ្យគូបដិបក្ខដណ្ដើមបានឡើយ ។ មិនតែប៉ុណ្ណោះ ឡាបូរ៉ាវី គាត់មានកាយសម្បទាល្អ ដូច្នេះគាត់ពិតជាធ្វើបានល្អក្នុងការប្រកួតនេះ» ។

ប៉ុន្ដែទោះបីមានការមិនពេញចិត្តពីសំណាក់អ្នកគាំទ្រយ៉ាងណា ក៏ខ្សែប្រយុទ្ធកម្ពស់ ១.៨១ម៉ែត្រ ឃួន ឡាបូរ៉ាវី ត្រូវបានលោក Leonardo Luiz គ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិកម្ពុជា ធ្វើការកោះហៅគេចូលប្រមូលផ្ដុំក្នុងក្រុមជម្រើសជាតិ ដើម្បីត្រៀមប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិឥណ្ឌា នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ខាងមុខនេះទៅហើយ ។ តែការកំណត់បញ្ជីឈ្មោះក្រុមជម្រើសជាតិត្រឹម ២៣នាក់ ដោយមានវត្តមាន ឃួន ឡាបូរ៉ាវី នេះដែរ ក៏មានការរិះគន់មួយចំនួនលើប្រព័ន្ធទំនាក់ទំនងសង្គមផងដែរ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ