បឹងកេតរកបាន ៣ពិន្ទុដំបូង ក្នុងពាន AFC Cup 2017

ភ្នំពេញ៖ ក្រុមបាល់ទាត់បឹងកេតអង្គររបស់កម្ពុជា បានទទួល ៣ពិន្ទុលើកដំបូង នៅក្នុងពូលF នៃពានរង្វាន់ AFC Cup 2017 បន្ទាប់ពីយកឈ្នះក្រុមភ្ញៀវ Magwe FC របស់មីយ៉ាន់ម៉ា ដោយលទ្ធផល ១-០ នៅលើទីលានពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ នាយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៧នេះ ។

ការប្រកួតក្នុងទឹកដីលើកទី២នេះ ក្រុមបឹងកេតមានឱកាសគ្រប់គ្រង់បាល់ និងបង្កើតឱកាសក្នុងតំបន់គ្រោះថ្នាក់របស់ក្រុម Magwe ច្រើនតែធ្វើមិនបានសម្រេច ។ រហូតដល់នាទីទី៣៤ បន្ទាប់ពីខ្សែប្រយុទ្ធជប៉ុន Tomoki ទាត់បាល់ចេញពីជ្រុង ហើយត្រូវជើងខ្សែការពារក្រុម Magwe ផ្លាតចូលទីខ្លួនឯង ទើបបណ្ដាលឲ្យក្រុមបឹងកេតនាំមុខ ១-០ ដែលលទ្ធផលនេះ បានរក្សាដល់ចប់ការប្រកួតពេញម៉ោងតែម្ដង ។

នេះគឺជាការប្រកួតបញ្ចប់ជើងទី១ របស់ក្រុមបឹងកេតអង្គរ នៅក្នុងយុទ្ធនាការប្រកួតវគ្គចែកពូលនៃពានក្លឹបបាល់ទាត់លំដាប់ទី២ ប្រចាំទ្វីបអាស៊ីខាងលើ ហើយជ័យជម្នះលើកដំបូងនេះដែរ បានធ្វើឲ្យក្រុមបឹងកេតគេចផុតពីបាត់តារាងទៅឈរលេខរៀងទី៣ និងមាន ៣ពិន្ទុ ក្រោយឆ្លងកាត់ ៣ប្រកួតឈ្នះ១ និងចាញ់២ ខណៈក្រុម Magwe ធ្លាក់មកឈរលេខរៀងទី៤ និងមាន ១ពិន្ទុជាមួយលទ្ធផលប្រកួត ៣លើកស្មើ១ និងចាញ់២ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ