ស្ដេងអុកទាំង ២ ប្រកាសបន្តចូលរួមប្រកួតទៀតក្នុងឆ្នាំនេះ

ភ្នំពេញ៖ ស្ដេចអុក ២សម័យកាលគឺឈាវ បូរ៉ា ដែលគ្រងតំណែងស្ដេចអុកឆ្នាំ២០១៤ និង ២០១៥ និង លោកហូយ សុខណាដែលគ្រងតំណែងជាស្ដេចអុកឆ្នាំ២០១៦មិនដកខ្លួនចេញពីការប្រកួតក្នុងឆ្នាំនេះឡើយ ។ លោកឯម ហៀងដែលជាប្រធានគណៈកម្មការរៀបចំការប្រកួតអុកនោះបានឲ្យដឹងថាគិតមកទល់ពេលនេះមានបេក្ខជនចំនួន១៥៧នាក់ហើយដែលបានចុះឈ្មោះចូលរួមប្រកួតអុកចត្រង្គ ។ អ្វីដែលគួរឲ្យកត់សំគាល់នោះអ្នកលេងអុកល្បីឈ្មោះគ្រួច ចន្ថារិទ្ធ ហៅត្រេនបានប្រកាសដកខ្លួនមិនចូលរួមប្រកួតនោះទេដោយគេនិយាយថាទុកឱកាសឲ្យក្មេងៗម្ដងព្រោះគេចាស់ហើយ ។ម្យ៉ាងវិញទៀតពេលនេះចន្ថារិទ្ធបានក្លាយជាសមាជិកប្រតិបត្តិសហព័ន្ធកីឡាអុកចត្រង្គកម្ពុជាទៅហើយ ។

ចំពោះកំពូលអ្នកលេងអុកឈាវ បូរ៉ាដែលគ្រងតំណែងស្ដេចអុក២សម័យកាលគឺឆ្នាំ២០១៤ និង ២០១៥នោះទោះបីពេលនេះគេបានក្លាយជាអគ្គលេខាធិការសហព័ន្ធកីឡាអុកចត្រង្គក៏ពិតមែនក៏គេនៅមិនទាន់បោះបង់ចោលការប្រកួតឡើយ ។ បូរ៉ាបាននិយាយថាឆ្នាំនេះគេនៅតែបន្តចូលរួមប្រកួតដដែលព្រោះគេជាអគ្គលេខាធិការគេត្រូវតែចូលរួមដើម្បីបំផុសយុវជនឲ្យចូលរួមលេងច្រើននាឆ្នាំក្រោយៗទៀត ។

កំពូលអ្នកលេងអុកហូយ សុខណាក៏បានប្រកាសពីការចូលរួមប្រកួតដែរ ។ គេជាស្ដេចអុកចត្រង្គឆ្នាំ២០១៦ ហើយពេលនេះគេក៏ជាសមាជិកប្រតិបត្តិសហព័ន្ធកីឡាអុកចត្រង្គដែរ ។ ទោះបីមុននេះគេបង្ហាញពីភាពស្ទាក់ស្ទើរក្នុងការចូលរួមប្រកួតក៏ពិតមែនតែនៅថ្ងៃទី១៣ ខែមីនាកន្លងមកព័ត៌មានចុងក្រោយពីសហព័ន្ធអុកចត្រង្គគឺលោកហូយ សុខណាមានឈ្មោះចូលរួមប្រកួតដែរ ៕

អត្ថបទ៖ វ៉ាន្នី

 

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ