ម្ចាស់គោជល់មានជំនឿចិត្តលើឃីម ឌីម៉ា ក្នុងការដណ្តើមខ្សែក្រវាត់រជ្ជកាលទី៧

ភ្នំពេញ៖ ទើបតែដណ្ដើមបានខ្សែក្រវាត់មួយថ្មីៗក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាមតែ២សប្ដាហ៍ប៉ុណ្ណោះអ្នកប្រដាល់ជើងខ្លាំងឃីម ឌីម៉ាបានចុះឈ្មោះចូលរួមប្រកួតដណ្ដើមខ្សែក្រវាត់របស់គោជល់លើសង្វៀនCNC ក្នុងប្រភេទទម្ងន់ដដែល ។ ជាមួយគ្នានេះលោកមាន សំអុល ដែលជាមេគោជល់ធំប្រចាំនៅស្រុកខ្មែរក៏បានកោតសរសើរដល់អ្នកប្រដាល់ដែលគេប្រសិទ្ធិនាមថានាគខ្មៅជាយដែនរូបនេះមានឱកាសច្រើនដើម្បីក្លាយជាម្ចាស់ខ្សែក្រវាត់នេះមួយទៀត ។


រីឯលោកញាន សុធីដែលជាអ្នកគ្រប់គ្រងកម្មវិធីប្រដាល់របស់អាស៊ីអាគ្នេយ៍ដែលទើបតែបញ្ចប់ព្រឹត្តិការណ៍ខ្សែក្រវាត់ស្រាបៀរកម្ពុជាទម្ងន់៦៣,៥០គីឡូក្រាមនោះបាននិយាយថាយើងមិនបានចងជើងឃីម ឌីម៉ាមិនឲ្យទៅប្រកួតទីណានោះឡើយព្រោះការប្រកួតដណ្ដើមខ្សែក្រវាត់បានបញ្ចប់ទៅហើយតែបើមិនទាន់ចប់គេមិនអាចទៅប្រកួតទីណាបានឡើយ ។

ខ្សែក្រវាត់គោជល់រជ្ជកាលទី៧នេះមានអ្នកប្រដាល់កម្ពុជា ៤រូប និងថៃ៤រូបចូលរួម ហើយសម្រាប់អ្នកប្រដាល់កម្ពុជា៤រូបនោះមានសេក គឹមរូនក្លិបអង្គរមានជ័យខេត្តសៀមរាប ឆៃ សារ៉ាសមាគមប្រដាល់ក្រសួងការពារជាតិឌុម កែវដា ក្លិបម្កុដរាជសីហ៍ និង ឃីម ឌីម៉ាក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ ។ ចំពោះអ្នកប្រដាល់ថៃទាំង ៤រូបវិញនោះមានមុងឃុនភេត ណាយ៉ាប៉ាកវីវ(Mungkhunphet Naya Parkviv) គង់មេធីស៊ីតពុមពឺន(Kongmethy Sitpumpeun)ផាយ៉ាក់អ៊ូប៊ុន ទីដេតឡូងីន(Phayak Ubun Tydet LoNgin) និង ភិគុនងៀន ស ផាន់នីសាមួយថៃ(Phikun Ngeun Sor Phanisa Mouythai) ។ការប្រកួតដែលនឹងចាប់ផ្ដើមពីថ្ងៃទី១៨មីនាទៅនោះនឹងបញ្ចប់នៅថ្ងៃទី១០មិថុនា ។ គួរបញ្ជាក់ថាក្នុង៦រជ្ជកាលកន្លងមករជ្ជកាលទី១ដែលធ្វើក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាមនោះម្ចាស់ខ្សែក្រវាត់បានទៅអ្នកប្រដាល់ថៃឈោក ឆៃ ស ការ៉ាវ៉េក ៕

អត្ថបទ៖ វ៉ាន្នី

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ