ថ្នាក់ដឹកនាំកីឡាកម្ពុជាសម្រេចព្យួរសមាជិកភាពសហព័ន្ធវូស៊ូក្រោយកើតមានបណ្តឹងលើការដឹកនាំ

ភ្នំពេញ៖ សហព័ន្ធកីឡាវូស៊ូកម្ពុជាត្រូវបានឯកឧត្តមថោង ខុនប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាចុះហត្ថលេខាព្យួរសមាជិកភាពកាលពីថ្ងៃទី១០មីនាដោយសារតែមានវិបត្តិផ្ទៃក្នុង ។ នេះជាសហព័ន្ធកីឡាជាតិទី ២ ហើយបន្ទាប់ពីខេមរសហព័ន្ធកីឡាយូដូដែលត្រូវព្យួរសមាជិកភាពដែរនោះក្រោយពីមានទំនាស់ផ្ទៃក្នុងដ៏រ៉ាំរ៉ៃនោះ ។ ឯកឧត្តមវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានបញ្ជាក់ឲ្យដឹងថា គ្រួបង្វឹករបស់ក្លិបនានាដែលជាសមាជិកបានប្ដឹងមកសុំអន្តរាគមន៍ឲ្យគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាជួយបន្ទាប់ពីសហព័ន្ធនេះហាក់ដូចជាពស់គ្មានក្បាលនោះ ។ ការប្រជុំពត៌មាននានាសមាជិកមិនដែលបានទទួលហេតុនេះគ្រូក្លិបនានាគេចង់រស់នៅក្នុងសហព័ន្ធមួយដែលមានក្បាលកន្ទុយត្រឹមត្រូវមានបែបបទរដ្ឋបាល ការប្រជុំទៀងទាត់ជាដើម ។

នៅក្នុងលិខិតសម្រេចលេខ០៨៧គ.ជ.អ.ករបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដែលចុះហត្ថលេខាដោយឯកឧត្តមថោង ខុននាថ្ងៃទី១០មីនា២០១៧នោះមាន៣មាត្រាដែលមាត្រាទី១គឺព្យួរសមាជិកភាពសហព័ន្ធកីឡាវូស៊ូចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។ ក្នុងនោះប្រការទី២ បានកំណត់ថាសហព័ន្ធ ក្លិប សមាគម និង ព្រឹទ្ធាចារ្យ គ្រូវូស៊ូពិសេសក្រុមគ្រួសារកីឡាវូស៊ូទាំងអស់ត្រូវរួមគ្នាសម្របសម្រួលរៀបចំគណៈកម្មការទ្រទ្រង់មួយដើម្បីរក្សានិរន្តរភាពការងាររដ្ឋបាលបច្ចេកទេស បណ្ដោះអាសន្ន ។ ចំណែកប្រការ៣សហព័ន្ធ និង លេខាធិការដ្ឋានរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាត្រូវអនុវត្តន៍សេចក្ដីសម្រេចនេះឲ្យមានប្រសិទ្ធិភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ