ស្អែកនេះណាហ្គាវើលបើកសន្និសីទការសែតស្ដីពីពានរង្វាន់អត្តពលិកឆ្នើមប្រចាំឆ្នាំ២០១៦

ភ្នំពេញ៖ នាថ្ងៃស្អែក ទី១៤ ខែមីនានេះ សណ្ឋាគារណាហ្គាវើលនឹងរៀបចំពិធីសន្និសីទការសែតស្ដីពីកម្មវិធីរាត្រីស្រមោស ដែលមានឈ្មោះថា CAMBODIA Sports Award 2017 ដែលជាកម្មវិធីមួយប្រចាំឆ្នាំដែលត្រូវបានបង្កើតឡើងដើម្បីជ្រើសរើសអត្តលិកឆ្នើមៗដែលខិតខំប្រឹងប្រែងយកមេដាយមកជូនជាតិ។ កម្មវិធីស្អែកនេះនឹងមានការចូលរួមពីតំណាងសណ្ឋាគារណាហ្គាវើល អត្តពលិកឆ្នើមៗមួយចំនួន ដែលបានជាប់ជ័យលាភីកាលពីឆ្នាំ២០១៥ និង លោកវ៉ាត់ ចំរើន អគ្គលេខាធិកានៃគណៈកម្មាធិកាជាតិអូឡាំពិកកម្ពុជា។

ការបង្កើតពាន CAMBODIA Sports Award នេះគឺធ្វើឡើងក្នុងគោលបំណងជំរុញលើកទឹកចិត្តអត្តពលិកគ្រប់ជំនាន់ឲ្យខិតខំប្រឹងប្រែងដើម្បីមានឱកាសដណ្ដើមស្នាដៃជូនជាតិបន្តទៀត ជាពិសេសដោយមានការយកចិត្តទុកដាក់ខ្ពស់ លើវិស័យកីឡាពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ហើយលោកជឿជាក់ថាការធ្វើបែបនេះនៅឆ្នាំៗក្រោយនោះ អត្តពលិកគ្រប់ប្រភេទកីឡានឹងត្រៀមខ្លួនបានកាន់តែល្អបន្ថែមទៀតដើម្បីប្រកួតដណ្ដើមយកមេដាយលើឆាកអន្តរជាតិជូនប្រទេសកម្ពុជា ។

គួររំលឹកផងដែរថា កាលពីឆ្នាំ២០១៦កន្លងទៅអ្នកដែលឈ្នះពាន CAMBODIA Sports Award ២០១៥នោះ មានកីឡាករ សែន រ៉ាឌី ដែលជាអតីតម្ចាស់មេដាយមាសកីឡាវ៉ូវីណាមពិភពលោក ខណៈកីឡាការិនីឆ្នើមបានទៅលោកស្រី កែ ឡេង ដែលជាអតីតម្ចាស់មេដាយមាសពិភពលោកផ្នែកកីឡាប៉េតង់ដោយម្នាក់ៗទទួលបានប្រាក់រង្វាន់ ៣ពាន់ដុល្លារដូចគ្នា។ រីឯពានរង្វាន់កីឡាករជនពិការឆ្នើមបានទៅកីឡាករ បុង ហុង ខណៈកីឡាការិនីជនពិការឆ្នើមបានទៅកីឡាការិនី ធីន សេងហុន គឺទទួលបានប្រាក់រង្វាន់ ១.៥០០ដុល្លារដូចគ្នា៕

អត្ថបទ៖ រត្ន័

មតិយោបល់

Sponsor

អត្ថបទថ្មីៗ