គ្រូបឹងកេត បារម្ភពីខ្សែការពារ និងប្រធានក្រុម Magwe

ភ្នំពេញ៖ លោក John Mcglynn គ្រូបង្វឹកក្រុមបឹងកេតអង្គរ បានចាត់ទុកក្រុម Magwe របស់មីយ៉ាន់ម៉ា គឺជាក្រុមខ្លាំងដូចក្រុម Johor Darul Ta’zim របស់ម៉ាឡេស៊ី និងក្រុម Global FC របស់ហ្វីលីពីនដែរ ពិសេសគឺលោកព្រួយបារម្ភខ្លាំងចំពោះខ្សែការពារ និងប្រធានក្រុមជើងឯកលីគកំពូលមីយ៉ាន់ម៉ានេះតែម្ដង ។ ការថ្លែងបែបនេះ បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មានមុនក្រុមបឹងកេតអង្គរ ប៉ះក្រុមភ្ញៀវ Magwe នាវេលាម៉ោង ៦ល្ងាចលើទីលានពហុកីឡដ្ឋានជាតិស្អែកនេះ ។
លោក John និយាយថា តាមការសង្កេតរបស់ខ្លួន Magwe មានប្រព័ន្ធការពាររឹងមាំ ដែលជាឧបសគ្គរបស់បឹងកេតក្នុងការស្វែងរកគ្រាប់បាល់ ។ មិនតែប៉ុណ្ណោះកីឡាករ Kekon Sylla គឺជាខ្សែប្រយុទ្ធមានល្បឿនលឿន ដែលរឹងតែធ្វើឲ្យលោកមានការព្រួយបារម្ភ ប៉ុន្ដែយ៉ាងណាលោកនឹងព្យាយាមជំរុញកូនក្រុមធ្វើឲ្យបានល្អបំផុត សម្រាប់ការប្រកួតបញ្ចប់ជើងទី១ នេះ ព្រោះជាការប្រកួតដ៏សំខាន់ក្នុងទឹកដី ដែលបឹងកេតអង្គរ ត្រូវការឈ្នះ និងត្រូវការ ៣ពិន្ទុផងដែរ ។

គួរបញ្ជាក់ថា ជំនួបរវាងក្រុមបឹងកេតអង្គរ និងក្រុម Magwe ស្អែកនេះ គឺជាជំនួបបញ្ចប់ជើងទី១ ក្នុងពូលF នៃពានរង្វាន់ AFC Cup 2017 ។ បច្ចុប្បន្នក្រុមបឹងកេតអង្គរ កំពុងឈរបាត់តារាងគ្មានពិន្ទុរាប់ឡើយ បន្ទាប់ពីបរាជ័យ ២ប្រកួតកន្លងទៅ ។ ចំណែកតំណែងកំពូលតារាង កំពុងគ្រប់គ្រងដោយក្រុម Global ដែលមាន ៦ពិន្ទុ បន្ទាប់ពីយកឈ្នះក្រុម Magwe និងក្រុមបឹងកេតនាពេលកន្លងទៅ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ