ជម្រើសជាតិកម្ពុជា ចាប់ផ្ដើមប្រមូលផ្ដុំថ្ងៃនេះ នៅបាទី

ភ្នំពេញ៖ បន្ទាប់ពីប្រកាសបញ្ជីឈ្មោះកីឡាករក្រុមជម្រើសជាតិកម្ពុជារួចមក គ្រូបង្វឹកសញ្ជាតិប្រេស៊ីលលោក Leonardo Luiz នឹងធ្វើការប្រមូលផ្ដុំហ្វឹកហាត់ថ្ងៃដំបូង នៅថ្ងៃទី១៣ ខែមិនាហើយ ដើម្បីត្រៀមបើកទ្វាពហុកីឡដ្ឋានជាតិទទួលក្រុមជម្រើសជាតិឥណ្ឌា នៅថ្ងៃទី២២ ខែមិនា ឆ្នាំ២០១៧ខាងមុខនេះ ។

លោក Leonardo Luiz គ្រូបង្វឹកថ្មីរបស់ក្រុមរហស្សនាមគោព្រៃកម្ពុជា បានបញ្ជាក់ផងដែរថា ដំណាក់កាលហ្វឹកហាត់ដំបូងនេះ គឺមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៥ ខែមិនា បន្ទាប់មកលោកនឹងអនុញ្ញាតឲ្យកីឡាករទាំងអស់ ចូលតាមបណ្ដាលក្លឹបរៀងៗខ្លួនវិញ ដើម្បីត្រៀមប្រកួតលីគកំពូលកម្ពុជា សប្ដាហ៍ទី៥ មុននឹងកោះហៅប្រមូលផ្ដុំជាថ្មី នៅសប្ដាហ៍ក្រោយ រហូតដល់ថ្ងៃប្រកួតជាមួយឥណ្ឌាតែម្ដង ។

សូមរំឮកថា កីឡាករត្រូវបានគ្រូបង្វឹកថ្មីលោក Leonardo Luiz កោះហៅប្រមូលផ្ដុំមានចំនួន ២៣នាក់គត់ ក្នុងនោះមានកីឡាករក្លឹបភ្នំពេញក្រោន ៥នាក់(កុក បូរីស, កែវ សុខផេង, កែវ សុខសិលា, ជុំ ពិសិដ្ឋ និង សឿង បារាំង) ។ ព្រះខ័នរាជស្វាយរៀង ៥នាក់(ហួយ ផល្លីន, ប្រាក់ មុន្នីឧត្តម, សំអឿន ពិដោរ, អោម ឧត្តម និងសឿយ វិសាល) ។ ក្រសួងការពារជាតិ ៤នាក់(ច្រឹង ពលរដ្ឋ, សរ ពិសិដ្ឋ, ពុំ តុលា និងអ៊ុ សេរីរ័ត្ន) ។

ចំណែកកីឡាករក្លឹបណាហ្គាវើល ៣នាក់( ស៊ុះ ស៊ូហាណា, ឆេង ម៉េង និង សួង វិរៈ), កីឡាករក្លឹបអគ្គស្នងការដ្ឋាននគរបាលជាតិ(ប៉ូលិស) ២នាក់(អ៊ុល រ៉ាវី និង ទិត្យ ឌីណា), កីឡាករក្លឹបបឹងកេតអង្គរ ២នាក់(ឃួន ឡាបូរ៉ាវី និង រស់ សំអឿន) ។ រីឯ ២នាក់ទៀត មានកីឡាករ ចាន់ វឌ្ឍនាកា លេងនៅក្លឹប Fujieda MYFC របស់ជប៉ុន និងកីឡាករ ប៊ីន ចន្ថាធារី លេងនៅក្លឹប Krabi របស់ថៃ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ