តើវេស្ទើន មានលទ្ធភាពសងសឹកបឹងកេតបានទេល្ងាចនេះ?

ភ្នំពេញ៖ សប្ដាហ៍ទី៤ នៃលីគកំពូលកម្ពុជា នឹងចាប់ផ្ដើមការប្រកួតនាល្ងាចនេះ ដោយក្រុមការពារតំណែងជើងឯកបឹងកេតអង្គរ ត្រូវជួបក្រុមវេស្ទើនភ្នំពេញ ដែលខ្លួនធ្លាប់លត់ ៦-០ កាលពីរដូវកាលមុន នៅលើទីលានពហុកីឡដ្ឋានជាតិ ។ ហេតុនេះចាំមើល តើវេស្ទើន មានលទ្ធភាពអាចសងសឹកក្រុមបឹងកេតបានវិញទេល្ងាចនេះ?

ប៉ុន្ដែជំនួបជើងទី១ នារដូវកាលថ្មីនេះ ក្រុមទាំងពីរសុទ្ធតែផ្លាស់ប្ដូរគ្រូបង្វឹកថ្មី ក្នុងក្រុមបឹងកេត ដឹកនាំដោយគ្រូបង្វឹកអូស្ដ្រាលីលោក John Mcglynn ខណៈក្រុមវេស្ទើនភ្នំពេញ ដឹកនាំដោយលោក ស៊ុំ វណ្ណា ។ មិនតែប៉ុណ្ណោះ កីឡាករក្រុមទាំងពីរ ក៏មានការផ្លាស់ប្ដូរច្រើនផងដែរ ដោយកីឡាករឆ្នើមៗ មួយចំនួនរបស់បឹងកេត បានផ្លាស់ចេញ តែវេស្ទើនវិញ បាននាំចូលនូវកីឡាករល្អៗមួយចំនួន មកពង្រឹងក្រុមបន្ថែម ។

តាមរយៈការផ្លាស់ប្ដូរនេះ គេមើលឃើញថា ក្រុមបឹងកេតអង្គរ ទំនងមិនអាចស៊ីវេស្ទើន បានងាយស្រួលដូចកាលពីរដូវកាលមុនឡើយ ។ ប៉ុន្ដែយ៉ាងណាក្រុមបឹងកេតអង្គរ គឺមិនអាចបន្ធូរបន្ថយចំពោះក្រុមកំពុងឈរចំណាត់ថ្នាក់លេខ៩ នេះបានឡើយ ព្រោះក្រុមមានមូលដ្ឋានមកពីខេត្តកំពង់ចាមមួយនេះ កំពុងត្រូវការ ៣ពិន្ទុចាំបាច់ ដើម្បីប្រជែងកៅអី Top-4 ជាមួយក្រុមផ្សេងៗ ។

នៅថ្ងៃសៅរ៍នេះដែរ ក្រៅពីជំនួបសងសឹកខាងលើ គឺមាន ២ប្រកួតផ្សេងទៀត ត្រូវជួបគ្នាល្ងាចនេះ រួមមានក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ប៉ះក្រុមមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា(ស៊ីម៉ាក់) នៅលើទីលានស្ដាតចាស់ និងអតីតក្រុមជើងឯកលីគកំពូលកម្ពុជា ៦ជំនាន់ភ្នំពេញក្រោន នឹងបើកទ្វារកីឡដ្ឋាន RSN របស់ខ្លួនទទួលក្រុមចំណូលថ្មីគិរីវង់សុខសែនជ័យ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ