ចាន់ វឌ្ឍនាកា៖ ខ្ញុំរីករាយជួយក្រុមជម្រើសជាតិ និងមិនចង់ខកខានម្តងណាឡើយ!

ភ្នំពេញ៖ ខ្សែប្រយុទ្ធឆ្នើមរបស់កម្ពុជា ចាន់ វឌ្ឍនាកា ដែលកំពុងលេងឲ្យក្លឹប Fujieda MYFC នៃលីគលំដាប់ទី៣ របស់ជប៉ុន បានបង្ហាញពីក្ដីរំភើបក្រៃលែង បន្ទាប់ពីទទួលបានដំណឹងខ្លួនមានឈ្មោះក្នុងបញ្ជីឈ្មោះក្រុមជម្រើសជាតិកម្ពុជា ដែលដឹកនាំដោយគ្រូបង្វឹកថ្មីលោក Leonardo Luiz ហើយខ្លួនបានត្រៀមខ្លួនជាស្រេច ដើម្បីជួយក្រុមជម្រើសជាតិកម្ពុជា ដោយមិនចង់ខកខានម្ដងណាឡើយ ។

ឆ្លើយតបជាមួយភ្នាក់ងារគេហទំព័រ CamSports តាមប្រព័ន្ធទំនាក់ទំនងសង្គម Facebook នារសៀលនេះ វឌ្ឍនាកា បានឲ្យដឹងថា៖ «ខ្ញុំពិតជាសប្បាយរីករាយណាស់បង គ្រាន់តែលឺថាមានឈ្មោះក្នុងក្រុមជម្រើសជាតិ ។ ណាមួយសម្រាប់គ្រូថ្មីខ្ញុំនឹងបានរៀនពីបទសោធន៍ថ្មី និងមានការបង្ហាត់បង្រៀនថ្មីមួយទៀត ដើម្បីបង្កើននូវសម្ថភាពខ្ញុំនឹងក្រុមជម្រើសជាតិយើងផងដែ» ។

ខ្សែប្រយុទ្ធវ័យ ២៣ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ថា «សំរាប់ខ្ញុំត្រៀមគ្រប់ពេល ដើម្បីជួយក្រុមជម្រើសជាតិ ហើយខ្ញុំចង់លេងឲ្យក្រុមជម្រើសជាតិគ្រប់ការប្រកួត ដោយមិនចង់ខានឡើយ» ។ នេះគឺជាការបង្ហាញនូវអារម្មណ៍ពិតក្នុងនាមកីឡាករកម្ពុជាដំបូង បានទៅលេងនៅលីគជប៉ុន ស្របពេល វឌ្ឍនាកា ត្រៀមខ្លួនជួបក្លឹបថ្មី Fujieda ជួបក្រុមម្ចាស់ផ្ទះ Kagoshima United នៅថ្ងៃបើកឆាក J League 3 នាវេលាម៉ោង ១២ថ្ងៃ(ម៉ោងនៅកម្ពុជា) ថ្ងៃទី១១ ខែមិនាស្អែកនេះ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ