ពាន KRE-Cup លើកទី៦ គ្រោងបើកការប្រកួតចុងសប្ដាហ៍ក្រោយ

ភ្នំពេញ៖ ព្រឹត្តិការណ៍បាល់ទាត់អាជីពចម្រុះពានរង្វាន់ Khmer Real Estate Cup លើកទី៦ ដែលរៀបចំដោយក្រុមហ៊ុន ខ្មែរ រៀល អ៊ីស្ទេត គ្រោងនឹងបើកការប្រកួតរដូវកាលថ្មី នៅថ្ងៃទី១៨ ខែមិនា ឆ្នាំ២០១៧ចុងសប្ដាហ៍ក្រោយនេះហើយ ។ នេះបើតាមការប្រកាសពីលោក គីម ហ៊ាង អគ្គនាយកក្រុមហ៊ុន ខ្មែរ រៀល អ៊ីស្ទេត និងជាស្ថាបនិកបង្កើតពាន នារសៀលថ្ងៃទី០៩ ខែមិនានេះ ។ លោក គីម ហ៊ាង បានមានប្រសាសន៍ថា ដោយសារក្ដីស្រលាញ់ និងជោគជ័យក្នុងការរៀបចំរយៈពេល ៥ឆ្នាំកន្លងទៅ ទើបលោកបន្ដរៀបចំពានរង្វាន់ពាក់កណ្ដាលអាជីពនេះ ដោយមិនគិតពីផលចំណេញអ្វីឡើយ ពោលគឺដើម្បីផ្ដល់ឱកាសឲ្យក្រុមបាល់ទាត់មិនអាជីព ឬយុវជននានា បានចូលរួមលេងកីឡា ដើម្បីសុខភាព រឹតចំណងមិត្តភាព និងបង្កើតទំនាក់ទំនងល្អក្នុងសង្គម ពិសេសគឺដើម្បីរួមចំណែកលើកស្ទួយវិស័យកីឡាបាល់ទាត់កម្ពុជា ។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាដដែល បន្ដថា សម្រាប់រដូវកាលថ្មីនេះ លោកបានកំណត់យកក្រុមចូលរួមត្រឹម ២៤ក្រុមប៉ុណ្ណោះ ហើយមកទល់ពេលនេះមានក្រុមចុះឈ្មោះរួចរាល់ចំនួន ១៧ក្រុមហើយ ។ ដូច្នេះប្រសិនបើក្រុមណាមានចំណាប់អារម្មណ៍ចង់ចូលរួម គឺអាចទំនាក់ទំនងចុះឈ្មោះតាមរយៈលោក ឯក សុវណ្ណដា ម្ចាស់ទីលានដំរីទូរស័ព្ទលេខ ០១២ ៦០ ៦០ ៥៨ និងលោក វណ្ណ សុគន្ធបញ្ញា ម្ចាស់ទីលានដុនបូស្កូទូរស័ព្ទលេខ ០៧៨ ៦១ ៣០ ៤១ ។ ប៉ុន្ដែចំពោះលក្ខខណ្ឌចូលរួមឆ្នាំនេះ គឺខុសពីរដូវកាលមុនៗ ដោយគណៈកម្មការបានសម្រេចឲ្យក្រុមនីមួយៗ អាចនាំចូលកីឡាករអាជីពកំពុងលេងក្របខណ្ឌលីគកំពូលកម្ពុជា ឆ្នាំ២០១៧ចំនួន ២នាក់ មកជួយក្រុម ។ ចំណែកអតីតកីឡាករជម្រើសជាតិ ឬកីឡាករអាជីព ក៏ដូចជាកីឡាករបរទេសជាដើម គឺបើកឲ្យចូលរួមដោយសេរី ។ នេះបើតាមការបញ្ជាក់របស់លោក គីម ហ៊ាង ព្រោះលោកចង់ជំរុញពាននេះ ឈានទៅកម្រិតខ្ពស់ និងល្អប្រសើរជាងមុន ក៏ដូចជាបញ្ចៀសបញ្ហាតវ៉ានានាផងដែរ ។

 

គោលបំណងសំខាន់នៃការរៀបចំប្រកួតឆ្នាំនេះ ក៏មិនខុសពីឆ្នាំមុនៗដែរ ពោលគឺដើម្បីបំផុតយុវជនឲ្យចូលរួមលេងកីឡា និងលើកស្ទួយវិស័យបាល់ទាត់កម្ពុជាឲ្យកាន់តែរីកចម្រើន ហើយក៏ផ្សារភ្ជាប់ជាមួយសកម្មភាពសប្បុរសធម៌ផងដែរ ។ លោក គីម ហ៊ាង និយាយថា ការប្រកួតឆ្នាំនេះ ក្រុមចុះឈ្មោះចូលរួមនីមួយៗ ត្រូវបង់ថវិកា ១០០ដុល្លារ ហើយទាំងអស់មាន ២៤ក្រុមស្មើនឹង ២,៤០០ដុល្លារ ដូច្នេះលោកនឹងបន្ថែម ១០០ដុល្លារទៀត ដើម្បីបាន២៥០០ដុល្លារស្មើនឹង ១០លានរៀល សម្រាប់យកទៅជូនមន្ទីរពេទ្យគន្ធបុប្ផា ។

គួរបញ្ជាក់ថា ២៤ក្រុមចូលរួមប្រកួតពានរង្វាន់ Khmer Real Estate Cup 2017 នេះ នឹងត្រូវបែងចែកជា ២ពូល ក្នុងនោះពូលA មាន ១២ក្រុម ត្រូវប្រកួតលើទីលានដំរីស ខណៈពូលB មាន ១២ក្រុមដូចគ្នា ត្រូវប្រកួតលើទីលានដុនបូស្កូ ដើម្បីសន្សំពិន្ទុ និងដណ្ដើមកៅអីវគ្គបន្ដ ។ ចំពោះប្រាក់រង្វាន់ជ័យលាភីលេខ១ នឹងទទួលបានប្រាក់ ១០០០ដុល្លារ ពាន១ មេដាយមាស និងសម្ភារៈកីឡា ដែលសរុបថវិកា ១៧២០ដុល្លារ, លេខ២ទទួលបាន ៧០០ដុល្លារ មេដាយប្រាក់ និងសម្ភារៈកីឡា ដែលសរុបថវិកា ១០៧០ដុល្លារ និងលេខ៣ទទួលបាន ៣០០ដុល្លារ មេដាយសំរឹទ្ធ និងសម្ភារៈកីឡា ដែលសរុបថវិកា ៦៤៥ដុល្លារ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ