Smart និង ភ្នំពេញក្រោនរួមគ្នាជាផ្លូវការដើម្បីលើកកម្ពស់វិស័យបាល់ទាត់នៅកម្ពុជា

ខណៈដែលវិស័យបាល់ទាត់នៃព្រះរាជាណាចក្រកម្ពុជាកំពុងតែមានសន្ទុះឈានឡើងគួរឲ្យកត់សម្គាល់នោះ យើងឃើញថាបណ្តាក្រុមហ៊ុនធំៗមួយចំនួននៅកម្ពុជាបានរួមចំណែកយ៉ាងសកម្មក្នុងការលើកស្ទួយឲ្យវិស័យនេះមានភាពរីកចម្រើនឡើងថែមទៀត។ ជាមួយគ្នានោះដែរ ក្រុមហ៊ុនទូរស័ព្ទចល័ត Smart គឺជាស្ថាប័នឯកជនមួយដែលបានចូលរួមយ៉ាងផុសផុលក្នុងការអភិវឌ្ឍន៍កីឡាជាច្រើនប្រភេទនៅកម្ពុជា។ នៅថ្ងៃនេះដែរ នាកីឡដ្ឋាន RSN របស់ក្លឹបបាល់ទាត់ភ្នំពេញក្រោន មានការប្រារព្ធធ្វើពិធីចុះហត្ថលេខាជាមួយក្រុមហ៊ុនទូរស័ព្ទលំដាប់ថ្នាក់ឈានមុខគេមួយនេះ ដើម្បីក្លាយជាដៃគូផ្លូវការក្នុងការលើកកម្ពស់វិស័យបាល់ទាត់ជាតិដែលនឹងនាំមកនូវភាពលេចធ្លោក៏ដូចជាការវិវត្តទៅមុខប្រកបដោយសក្តានុពលតាមរយៈភាពជាដៃគូផ្តាច់មុខរយៈពេល៣ឆ្នាំជាមួយនឹងក្លឹបជើងឯកប្រាំសម័យកាលក្នុងលីកកំពូលកម្ពុជានេះ។

លោក ឬទ្ធី សំណាង ប្រធានក្លឹបភ្នំពេញក្រោន បានមានប្រសាសន៍ថា៖ “ភ្នំពេញក្រោន មានការរំភើបយ៉ាងខ្លាំង និងសូមស្វាគមន៍ក្រុមហ៊ុន Smart Axiata ចំពោះការក្លាយជាដៃគូសំខាន់របស់យើងសម្រាប់រយៈពេលបីឆ្នាំ។ Smart មិនត្រឹមតែនឹងក្លាយទៅជាអ្នកឧបត្ថម្ភចម្បងលើឯកសណ្ឋានកីឡារបស់យើងប៉ុណ្ណោះទេ យើងក៏កំពុងតែសម្លឹងឆ្ពោះទៅមុខដើម្បីធ្វើការរួមគ្នាយ៉ាងជិតស្និទ្ធជាមួយនឹងកីឡាករក្នុងការអភិវឌ្ឍសង្គមផងដែរ។”

ក្នុងឱកាសនេះដែរ លោក Thomas Hundt នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានលើកឡើងថា៖ “Smart និង ភ្នំពេញក្រោន មានគោលតម្លៃរួមដូចគ្នាជាច្រើនដោយសារថា ភ្នំពេញក្រោន គឺជាក្រុមមួយដែលលេចធ្លោជាមួយនឹងកំណត់ត្រានៃការលេងដ៏ពិសេស។ ក្រៅពីការអភិវឌ្ឍអាជីពជាកីឡាករ ភ្នំពេញក្រោនក៏មានកម្មវិធីលើកកម្ពស់យុវជនរបស់ខ្លួនក្នុងការហ្វឹកហាត់បណ្តុះទេពកោសល្យកីឡាករវ័យក្មេងផងដែរ។ យើងមានការសប្បាយចិត្តដែលបានឃើញចក្ខុវិស័យរយៈពេលវែងពីក្លឹបមួយនេះ ហើយយើងមើលឃើញថាវា គឺជាជំហានដំបូងដើម្បីបង្វឹកកីឡាករកម្ពុជាឆ្ពោះទៅកាន់លំដាប់ថ្នាក់ពិភពលោក។ យើងសង្ឃឹមថាភាពជាដៃគូនេះ អាចជាសារជំរុញលើកទឹកចិត្តឲ្យមនុស្សកាន់តែច្រើនចូលរួមក្នុងការលេងបាល់ទាត់ មិនថាតែលេងជាការកំសាន្តក្នុងពេលទំនេរ ព្រមទាំងជាថ្នាលនៃការសម្រេចក្តីសុបិន្តរបស់ពួកគេដើម្បីក្លាយជាកីឡាករអាជីពមួយថែមទៀតផង។ ភាពជាដៃគូនេះ គឺពិតជាសមិទ្ធិផលសំខាន់មួយផ្សេងទៀតរបស់ Smart ដើម្បីឆ្ពោះទៅរកការលើកកម្ពស់សុខភាពសហគមន៍ រួមទាំងជាការបណ្តុះបណ្តាល កីឡាករបាល់ផងដែរ។”

លោក ឬទ្ធី សំណាង បានបន្ថែមថា៖ “ការប្ដេជ្ញាចិត្តរបស់ក្រុមហ៊ុន Smart ដើម្បីគាំទ្រដល់សហគមន៍ដែលពួកគេបម្រើដល់កីឡា ការអប់រំ និងគម្រោងសុខភាពសាធារណៈ ជាផ្នែកមួយនៃគុណតម្លៃស្នូលរបស់ក្រុមហ៊ុនរបស់ពួកគេ ដែលធ្វើឲ្យភាពជាដៃគូជាមួយ Smart គឺពិតជាល្អឥតខ្ចោះសម្រាប់ភ្នំពេញក្រោន។ ក្លឹបរបស់យើងបានខិតខំធ្វើឲ្យមានភាពខុសគ្នា ដោយការអភិវឌ្ឍយុវជនរបស់ខ្លួនផ្ទាល់ កម្មវិធីសហគមន៍និងសាលារបស់យើង រួមទាំងការចូលរួមរបស់យើងដើម្បីក្លាយជាកំលាំងស្នូលក្នុងការផ្លាស់ប្តូរប្រកបដោយភាពវិជ្ជមាន នៅក្នុងសកម្មភាពសង្គម។”

a

b

អត្ថបទ៖ មករា
រូបភាព៖ បារាំង

មតិយោបល់

Sponsor

អត្ថបទថ្មីៗ