ស្ងាត់ៗ សូហ្វតិន្នីសកម្ពុជាឈ្នះមេដាយមាសនៅលើទឹកដីថៃ!

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ជា ប៊ុនហេង ប្រធានអង្គភាពកីឡាក្រសួងមហាផ្ទៃ និងជាប្រតិភូដឹកនាំទៅប្រកួត បានប្រាប់តាមទូរស័ព្ទកាលពីម្សិលមិញថា អត្តពលិកកីឡាសូហ្វតិន្នីសកម្ពុជាបានប្រកួតឈ្នះមេដាយមាស ២ ប្រាក់ ១ និងសំរឹទ្ធ ២ ដែលជាជ័យលាភីយ៉ាងមោទនភាពសម្រាប់ជូនប្រជាពលរដ្ឋនាឆ្នាំថ្មីពីព្រឹត្តិការណ៍ប្រកួត The 6th Thailand Open International Champions ឆ្នាំ ២០១៧ ដែលបានប្រព្រឹត្តទៅកាលពីចុងខែកុម្ភៈកន្លងទៅ ។ ខណៈដែលអត្តពលិក ទើបតែត្រលប់មកដល់កម្ពុជាវិញកាលពីថ្ងៃទី៧ ខែមិនា ។

អត្តពលិកកម្ពុជាចំនួន ១៥ នាក់ ក្នុងនោះកីឡាការិនីចំនួន ៥ នាក់ ព្រមទាំងប្រតិភូ និងក្រុមជំនួយការសរុបចំនួន ២២ នាក់ បានចេញដំណើរតាំងពីថ្ងៃទី២៨ ខែកុម្ភៈ និងបានត្រឡប់មកវិញកាលពីថ្ងៃច័ន្ទ ខណៈដែលព្រឹត្តិការណ៍នេះត្រូវបានចូលរួមដោយប្រទេសរីកចម្រើនចំនួន ៦ ដែលរួមមានជប៉ុន ឥណ្ឌា កម្ពុជា ថៃ ចិន និង ឥណ្ឌូនេស៊ី ។


លោកបានបន្ថែមថា៖ «លទ្ធផលល្អរបស់អត្តពលិកកម្ពុជាដែលចេញទៅប្រកួតឈ្នះបានមេដាយនេះគឺលំបាកណាស់មិនមែនងាយស្រួលដូចប្រភេទកីឡាដទៃនោះទេ ពិសេសរូបមន្តប្រកួតគឺឆ្លងកាត់ច្រើនវគ្គ និងចំណាយកម្លាំងថាមពលខ្លាំងក្នុងការប្រកួតវិលជុំភ្លាមៗឆ្ពោះទៅរកវគ្គផ្តាច់ព្រ័ត្រឈ្នះមេដាយតែម្តង»។ ជាលទ្ធផលអ្នកឈ្នះមេដាយ កីឡាករយី សរសារិទ្ធ បានឈ្នះមេដាយមាសលើវិញ្ញាសាឯកត្តជន ក្រោយពីវាយឈ្នះកីឡាករមកពីប្រទេសជប៉ុន ឈ្នះថៃ ឈ្នះចិន ឈ្នះថៃ និងឈ្នះថៃទៀត ក្នុងវគ្គផ្តាច់ព្រ័ត្រ។ រីឯកីឡាករកាន់ សុភ័ណ្ឌ និងឯក ចំរើន បានឈ្នះមេដាយមាសលើវិញ្ញាសាវាយជាគូបុរស។
កីឡាករយី សរសារិទ្ធ និងឌឹម សម្បត្តិ បានឈ្នះមេដាយប្រាក់លើវិញ្ញាសាជាគូ ខណៈមេដាយសំរឹទ្ធ លើវិញ្ញាសាវាយគូ បានធ្លាក់ទៅលើជា វិរៈ និងយី សរសារិទ្ធ ហើយយី សរសារិទ្ធ និងកីឡាការិនីរិន សុធារី ឈ្នះមេដាយសំរឹទ្ធការវាយគូចម្រុះ។
គួរបញ្ជាក់ផងដែរថា នៅក្នុងចំណោមប្រទេសដែលមានកីឡាសូហ្វតិន្នីសរីកចម្រើន និងមានសកម្មភាពល្អកម្រិតពិភពលោកចំនួន ៣៤ ប្រទេសនោះ កម្ពុជា ជាសមាជិកចូលក្រោយគេគឺលេខរៀងទី ៣៤ ប៉ុន្តែចំណាត់ថ្នាក់ និងបច្ចេកទេស ដែលយើងឈ្នះជាបន្តបន្ទាប់ បច្ចុប្បន្នយើងឡើងដល់ចំណាត់ថ្នាក់លេខ ១៣ ហើយ នៅក្នុងចំណោម ៣៤ ប្រទេស ដែលទទួលស្គាល់ដោយសូហ្វតិន្នីសពិភពលោក ៕

អត្ថបទ៖ រត្ន័

មតិយោបល់

Sponsor

អត្ថបទថ្មីៗ