លោក Leonardo Luis នឹងបង្ហាញបញ្ជីឈ្មោះក្រុមជម្រើសជាតិស្អែកនេះ

ភ្នំពេញ៖ លោក Leonardo Luis គ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិកម្ពុជា នឹងធ្វើសន្និសីទសារព័ត៌មាន ដើម្បីបង្ហាញបញ្ជីឈ្មោះកីឡាករក្រុមជម្រើសជាតិជាផ្លូវការ នាព្រឹកថ្ងៃទី១០ ខែមិនា ឆ្នាំ២០១៧នេះ បន្ទាប់ពីគ្រូបង្វឹកសញ្ជាតិប្រេស៊ីលរូបនេះ ចូលកាន់តំណែងជាគ្រូបង្វឹកជំនួសលោក Lee Tae Hoon ហើយធ្វើការតាមដានការហ្វឹកហាត់ និងប្រកួតរបស់កីឡាករតាមបណ្ដាលក្លឹបនៃលីគកំពូលកម្ពុជាអស់រយៈពេលជាង ១សប្ដាហ៍កន្លងទៅ ។

ថ្នាក់ដឹកនាំរបស់ក្រុមជម្រើសជាតិកម្ពុជាម្នាក់ បានឲ្យដឹងថា សន្និសីទសារព័ត៌មានបង្ហាញបញ្ជីឈ្មោះក្រុមជម្រើសជាតិខាងលើ នឹងធ្វើឡើងនៅម៉ោង ១១ព្រឹក ប៉ុន្ដែចំពោះវត្តមានកីឡាករប៉ុន្មាននាក់ ត្រូវបានគ្រូបង្វឹកសញ្ជាតិប្រេស៊ីលលោក Leonardo Luis បានកំណត់នោះ មិនត្រូវបានបង្ហើបឲ្យដឹងនោះទេ គ្រាន់តែបញ្ជាក់ថា អតីតគ្រូបង្វឹកក្រុម Lanexang United របស់ឡាវ នឹងចម្រាញ់ទុកត្រឹម ២៣នាក់ប៉ុណ្ណោះ សម្រាប់ត្រៀមការប្រកួតផ្សេងៗ ។

គួរបញ្ជាក់ថា លោក Leonardo Luis ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា តែងតាំងជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាក្នុងកិច្ចសន្យារយៈពេល ១ឆ្នាំ ហើយបន្ទាប់ពីបង្ហាញបញ្ជីឈ្មោះកីឡាករក្រុមជម្រើសជាតិហើយនោះ លោកនឹងមានបេសកកម្មលើកដំបូង ដោយដឹកនាំក្រុមរហស្សនាមគោព្រៃកម្ពុជានេះ ទទួលក្រុមភ្ញៀវជម្រើសជាតិឥណ្ឌា នៅថ្ងៃទី២២ ខែមិនា ឆ្នាំ២០១៧ខាងមុខ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ