ឱកាសបានអាវ Free ពីក្លឹបរបស់ Honda នាថ្ងៃបើកឆាក League-II នៅខេត្តសៀមរាប

ភ្នំពេញ៖ ក្លឹបបាល់ទាត់ Soltilo Angkor FC(អតីតក្លឹបខេត្តសៀមរាប) របស់តារាបាល់ទាត់ជប៉ុន Keisuke Honda បានត្រៀមខ្លួនជាស្រេច ដើម្បីចូលរួមប្រកួតពានរង្វាន់ជើងឯកថ្នាក់ជាតិលីគលំដាប់ទី២ រដូវកាលទី២ (C-League II) ដោយគ្រោងប្រកួតបើកឆាកដំបូង នៅលើទឹកដីខេត្តសៀមរាប នាថ្ងៃទី២៦ ខែមិនានេះ ហើយអ្នកចូលរួមគាំទ្រការប្រកួតនោះ នឹងមានឱកាសទទួលបានអាវដោយឥតគិតថ្លៃ(Free) ពីក្លឹបដឹកនាំដោយខ្សែប្រយុទ្ធឆ្នើមមកពីក្លឹប AC Milan របស់អ៊ីតាលីនេះថែមទៀតផង ។

ទន្ទឹមជាមួយការប្រកាសផ្ដល់អាវពណ៌លឿង Free ប៉ុន្ដែមានកំណត់ដល់អ្នកគាំទ្រនេះ គឺស្របពេលក្លឹប Soltilo Angkor FC ប្រកាសផ្លាស់ប្ដូររូបសញ្ញាថ្មីរបស់ក្លឹប(Logo) ។ ប្រភពពីក្លឹបបានបញ្ជាក់ថា Soltilo Angkor FC បានដាក់ពាក្យចូលរួមប្រកួតពានរង្វាន់ក្របខណ្ឌលីគលំដាប់ទី២ របស់កម្ពុជា ឆ្នាំ២០១៧នេះ រួចរាល់ហើយ ។ មិនតែប៉ុណ្ណោះ ក្លឹបក៏បានត្រៀមខ្លួនជាស្រេច ដើម្បីចូលរួមប្រកួតពានរង្វាន់ Hun Sen Cup 2017 ផងដែរ ។

គួរបញ្ជាក់ថា ក្លឹប Soltilo Angkor FC ត្រូវបានបង្កើតឡើង ក្រោមកិច្ចសហការវាងកីឡាករជម្រើសជាតិជប៉ុន និងជាខ្សែប្រយុទ្ធរបស់ក្លឹប AC Milan កីឡាករ Keisuke Honda ជាមួយថ្នាក់ដឹកនាំក្លឹបបាល់ទាត់ខេត្តសៀមរាប ដែលបានចុះកិច្ចសន្យាព្រមព្រៀងគ្នាកាលពីចុងខែធ្នូ ឆ្នាំ២០១៦កន្លងទៅ ក្នុងគោលដៅផ្ដល់ឱកាសឲ្យយុវជនកម្ពុជាអាចចូលរួមលេងកីឡា និងរួមចំណែកអភិវឌ្ឍន៍វិស័យបាល់ទាត់កម្ពុជាឲ្យកាន់តែរីកចម្រើន ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ