ប្រធានក្រុម Global ប្រាប់ចំណុចខ្សោយបឹងកេត តែត្រូវលោក John បដិសេធ!

ភ្នំពេញ៖ កីឡាករ Misagh Bahadoran ប្រធានក្រុម Global FC របស់ហ្វីលីពីន បានបង្ហើបពីចំណុចខ្សោយដ៏ធំមួយរបស់ក្រុមបឹងកេតអង្គរ បន្ទាប់ពីក្រុមខ្លួនទទួលជ័យជម្នះ ២-០ កាលពីយប់មិញ ក្នុងជំនួបជម្រុះពូលF នៃពានរង្វាន់ AFC Cup 2017 ។ ប៉ុន្ដែការទម្លាយចំណុចខ្សោយរបស់គូបដិបក្ខនេះ ត្រូវបានលោក John McGlynn គ្រូបង្វឹកក្រុមបឹងកេត បដិសេធភ្លាមៗ ព្រោះលោកមិនយល់ឃើញដូចកីឡាករហ្វីលីពីននេះឡើយ ។

សមាជិកក្រុមជម្រើសជាតិហ្វីលីពីន Bahadoran បាននិយាយថា «ខ្ញុំមើលឃើញក្រុមបឹងកឹតមានបញ្ហាច្រើនក្នុងរយៈពេល ៥នាទី ទៅ ១០នាទីដំបូង ការប្រមូលអារម្មណ៍របស់កីឡាករ គឺខ្វះខាតច្រើន ទើបធ្វើឲ្យរបូតគ្រាប់បាល់លឿន ។ មិនមែនតែការប្រកួតនេះទេ កាលពីប្រកួតទី១ ជាមួយក្រុមម៉ាឡេស៊ី Johor Darum Ta’zim ក៏បឹងកេតបាត់ ២គ្រាប់ក្នុងការចាប់ផ្ដើមនៅដើមតង់ទី១ដែរ ។ ដូច្នេះនេះគឺជាបញ្ហាធំរបស់បឹងកេត» ។

ដោយឡែកគ្រូបង្វឹកជនជាតិអូស្ដ្រាលីលោក John McGlynn បាននិយាយថា «សម្រាប់គំនិតខ្ញុំ គឺកូនក្រុមធ្វើការងារបានល្អ បើទោះបីយើងមិនសូវមានសំណាងធ្វើឲ្យទទួលលទ្ធផលមិនបានល្អ ។ ប៉ុន្ដែអ្វីដែលសំខាន់ គឺខ្សែប្រយុទ្ធរបស់គេមានគុណភាព គេអាចក្ដាប់ឱកាសបានច្រើន ធ្វើឲ្យមានគ្រោះថ្នាក់ដល់បឹងកេត ។ តែយ៉ាងណាយើងក៏មានឱកាសដាក់សម្ពាធលើក្រុមហ្វីលីពីនវិញដែរ ។ ប៉ុន្ដែដោយសារកីឡាករហ្វីលីពីនមានកាយសម្បទាធំ ធ្វើឲ្យបឹងកេតពិបាក និងគ្មានសំណាង» ។

គួរបញ្ជាក់ថា បច្ចុប្បន្នក្រុម Global FC គឺកំពុងឈរកំពូលតារាងពូលF បណ្ដោះអាសន្ន និងមាន ៦ពិន្ទុពេញ ក្រោយយកឈ្នះដៃគូ ២ប្រកួតជាប់គ្នា ។ ចំណែកក្រុមបឹងកេតអង្គរ កំពុងក្ដោបតំណែងបាត់តារាង និងគ្មានពិន្ទុរាប់នោះឡើយ ក្រោយបរាជ័យ ២ប្រកួតជាប់គ្នា ខណៈប្រកួតទី១ ចាញ់ក្រុម Johor Darum Ta’zim របស់ម៉ាឡេស៊ី ដោយលទ្ធផល ៣-០ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ