AFC Cup៖ Global ស៊ីបឹងកេត ២-០ ទាំងពិបាក តែមិនមែនម្ចាស់ផ្ទះខ្លាំង

ភ្នំពេញ៖ ក្រុម Global FC របស់ហ្វីលីពីន បានបន្ថែម ៣ពិន្ទុទៀតហើយ ដើម្បីឈរកំពូលតារាងពូលF មាន ៦ពិន្ទុក្នុងដៃ នៃពានរង្វាន់ AFC Cup 2017 ជាបណ្ដោះអាសន្ន បន្ទាប់ពីយកឈ្នះក្រុមម្ចាស់ផ្ទះបឹងកេតអង្គរ នៅលើទីលានពហុកីឡាជាតិនាព្រលប់ថ្ងៃទី០៧ ខែមិនានេះ ដោយលទ្ធផល ២-០ ។ ប៉ុន្ដែលទ្ធផលនេះ ត្រូវបានលោក Toshiaki Imai ចាត់ទុកជាជ័យជម្នះដ៏លំបាក ប៉ុន្ដែមិនមែនដោយសារក្រុមជើងឯក ២ជំនាន់របស់កម្ពុជាខ្លាំងនោះទេ ។

លោក Toshiaki Imai គ្រូបង្វឹកក្រុម Global FC បានថ្លែងក្នុងសន្និសីទក្រោយចប់ការប្រកួតថា ជំនួបក្រៅដីជាមួយបឹងកេតថ្ងៃនេះ គឺពិតជាលំបាកខ្លាំង ដោយសារកូនក្រុមមានគ្មានត្រឹម ១៦នាក់ ហើយមានរបួសច្រើន ធ្វើឲ្យការផ្លាស់ប្ដូរកីឡាករពិបាក និងធ្វើឲ្យជម្រើស ១១នាក់ដំបូងនឿយហត់ខ្លាំង ។ ប៉ុន្ដែយ៉ាងណាលោកបានអគុណកូនក្រុមខ្លួន ដែលព្យាយាមលេងសហការគ្នាបានល្អ ដើម្បីយកឈ្នះក្រុមបឹងកេត និងដណ្ដើមបាន ៣ពិន្ទុបន្ថែម ។

 

គួរបញ្ជាក់ថា គ្រាប់បាល់ជ័យជម្នះរបស់ក្រុម Global FC គឺធ្វើសម្រេចដោយកីឡាករ Paul Mulders ទាំង ២គ្រាប់ ដែលគ្រាប់ទី១ កើតឡើងត្រឹមនាទីទី៥ ដើមតង់ទី២ និងគ្រាប់ទី២ កើតឡើងដោយបាល់ពិន័យ ១១ម៉ែត្រនៅនាទីទី៦៥ ។ ចំណែកក្រុមបឹងកេតអង្គរតង់ទី១ ក៏មានឱកាសរកគ្រាប់បាល់ជាច្រើនលើកដែរ ប៉ុន្ដែកីឡាករតំបន់ប្រយុទ្ធ ពិសេសខ្សែប្រយុទ្ធ ឃួន ឡាបូរ៉ាវី ធ្វើបានមិនល្អ ទើបធ្វើឲ្យក្រុមតំណាងកម្ពុជានេះ បន្ដរបូតអស់ ៣ពិន្ទុទៀត ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ