លោកវ៉ាត់ ចំរើន៖ កម្ពុជាមិនទាន់មានជើងហោះត្រង់សម្រាប់អ្នកចូលរួមរត់ពាក់កណ្ដាលម៉ារ៉ាតុងឡើយ!

ភ្នំពេញ៖ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាលោកវ៉ាត់ ចំរើន បានថ្លែងក្រោយបញ្ចប់ការប្រកួតកីឡារត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុង លើកទី៦ ឆ្នាំ២០១៧ នៅឆ្នេរអូឈឺទាល ក្រុងព្រះសីហនុកាលពីថ្ងៃទី៥ ខែមីនា ថ្មីៗនេះថា៖ «ជារៀងរាល់ឆ្នាំយើងតែងតែទទួលបានការរៀបចំទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ទាំងជាតិ និងអន្តរជាតិ មកលេងកម្សាន្ត និងការពារបរិស្ថានតំប់ឆ្នេរ ហើយនេះជាទិសដៅរបស់ប្រធានគណៈកម្មការជាតិអូឡាំពិកកម្ពុជា និងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍លោកបណ្ឌិត ថោង ខុន ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រីកសក្តានុពល និងផលិតផលទេសចរណ៍តាមរយៈកីឡា ដោយយើងមានប្រភេទកីឡាទេសចរណ៍ជាច្រើនដែលមានក្នុងមួយឆ្នាំម្តង។”


លោកបានបន្តថា៖ «អ្នកចូលរួមរត់ដែលមកពីបរទេសមានជាង២០០នាក់ ហើយបូករួមអ្នកចូលរួមជាប្រជាពលរដ្ឋខ្មែរមកពីបណ្តាខេត្ត និងរាជធានីភ្នំពេញជិតពីរពាន់ អាចសរុបបានថា អ្នកចូលរួមរត់ពាក់កណ្តាលម៉ារ៉ាតុងនៅខេត្តព្រះសីហនុឆ្នាំនេះមានជាងពីរពាន់ដូច្នេះកើនលើសឆ្នាំចាស់បន្តិចបន្តួច។» លោកសង្កតធ្ងន់ថា៖ «មូលហេតុដែលភ្ញៀវទេសចរណ៍មកចូលរួមកម្មវិធីកីឡាទេសចរណ៍នៅមានចំនួនកម្រិតនៅឡើយ ដោយសារកម្ពុជាមិនទាន់ទទួលជើងហោះមកត្រង់ បាននៅឡើយ។ ដូច្នេះប្រទេសផ្សេងដែលចង់មកកម្ពុជានៅត្រូវតភ្ជាប់ជើងហោះហើរពីមួយទៅមួយ ដែលជាកត្តាលំបាកសម្រាប់ភ្ញៀវទេសចរណ៍អន្តរជាតិមកកាន់កម្ពុជាផ្ទាល់មិនបាន។ ប៉ុន្តែទោះយ៉ាងណាក៏ដោយទាំងក្រសួងទេសចរណ៍ និងគណៈកម្មការជាតិអូឡាំពិកកម្ពុជានឹងខំប្រឹងផ្សព្វផ្សាយពីកម្មវិធីរត់ឆ្នាំទៅផ្សព្វផ្សាយបន្ត ហើយរំពឹងទុកទៅលើជើងហោះហើររបស់ក្រុមហ៊ុនមួយចំនួនដែលអាចមកកាន់កម្ពុជាដោយត្រង់ផ្ទាល់ ជាហេតុឱ្យកំណើនភ្ញៀវទេសចរណ៍អន្តរជាតិចូលរួមកីឡាទេសចរណ៍ច្រើនជាងឆ្នាំមុនសម្រាប់ឆ្នាំ២០១៨។

ជាមួយគ្នានេះដែលសម្រាប់លទ្ធផលក្នុងការរត់ប្រណាំងលើកទី៦ ប្រភេទបុរសរត់១០គីឡូ លេខ១ Van Pheara (កម្ពុជា) , លេខ២ Chea Samphors (កម្ពុជា) ,និងលេខ៣ Chhun Bunthorn (កម្ពុជា)។ ប្រភេទនារីរត់១០គីឡូ លេខ១ Heng Meng (កម្ពុជា), លេខ២ Samang Bo (កម្ពុជា), លេខ៣ Annaliese Thomas (អាល្លឺម៉ង) ។ ប្រភេទបុរសរត់២១គីឡូ លេខ១ Ma Viro (កម្ពុជា), លេខ២ Brendon Thomas (អាមេរិក), លេខ៣ James Happell (អូស្រ្តាលី)។ ប្រភេទនារីរត់២១គីឡូ លេខ១ Lois Woodword (អាល្លឺម៉ង) , លេខ២ Hillary Snyder (អាមេរិក) ,និងលេខ៣ Sara Bawden (អាមេរិក)៕

អត្ថបទ៖ រត្ន័

មតិយោបល់

Sponsor

អត្ថបទថ្មីៗ