អ្នកខ្លាំងខាងលេងអុកនឹងមកប្រកួតគ្នានៅ NOCC ដើម្បីដណ្តើមសិទ្ធិទៅប្រជែងតំណែងស្តេចអុកចត្រង្គអង្គរសង្រ្គាន

ភ្នំពេញ៖ កាលពីថ្ងៃទី១ ខែមីនា កន្លងទៅថ្មីនេះគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាដើម្បីរៀបចំការប្រកួតកីឡាអុក “ ចត្រង្គខ្មែរដើម្បីស្វែងរកស្តេចអុកចត្រង្គអង្គរសង្រ្គានប្រចាំឆ្នាំដោយធ្វើការប្រកួតជម្រុះរយៈពេល៤ថ្ងៃនៅ NOCC ចាប់ពីថ្ងៃទី ១៥ដល់ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧។ លោក ឯម ហៀង នាយករដ្ឋបាល NOCC និងជាប្រធានបច្ចេកទេសប្រកួតអុកបានឱ្យដឹងថា ការដាក់ពាក្យប្រកួតចាប់ពីថ្ងៃជូនដំណឹងនេះតទៅរហូតដល់ថ្ងៃទី១៣ មីនា ឆ្នាំ២០១៧ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដោយទំនាក់ទំនងលេខ ០៧៨ ៦៦៨ ៣៦៦ , ០៦៩ ៩០៨ ៣៨៤ ។

ការប្រជុំចាប់ឆ្នោតប្រកួតនៅថ្ងៃទី១៤ មីនា ឆ្នាំ២០១៧ វេលាម៉ោង ៨:៣០ នាទីព្រឹក នៅគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាចំណែកបេក្ខជនអវត្តមានចាត់ទុកបោះបង់ការប្រកួត។ លោកបន្តថា ការប្រកួតនេះរៀបចំឡើងគឺដើម្បីជម្រុះរកជើងខ្លាំង ៨ នាក់ឡើងទៅប្រកួតផ្ដាច់ព្រ័ត្រនៅខេត្តសៀមរាបនាថ្ងៃចូលឆ្នាំខ្មែររយៈពេល៣ថ្ងៃ។ ជាមួយគ្នានេះដែរ លោក វ៉ាត់ ចំរើនអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានអំពាវនាវដល់អ្នកចេះលេងអុកចូលរួមប្រកួតអុកចត្រង្គនេះឲ្យបានច្រើនដើម្បីរួមចំណែកលើកស្ទួយកីឡាអុកចត្រង្គកម្ពុជាឲ្យរីកចម្រើនឡើងវិញ ព្រោះកីឡានេះប្រកួតផ្នែកល្បងប្រាជ្ញាស្មារតីជាព្រលឹងជាតិខ្មែរហើយ NOCC កំពុងធ្វើការជំរុញដើម្បីដាក់ប្រភេទកីឡានេះក្នុងការប្រកួតស៊ីហ្គេមលើកទី៣២ ឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

គួរបញ្ជាក់ផងដែរថា កីឡាអុកគឺជាល្បែងបុរាណ និងមានប្រវត្តិជាយូរឆ្នាំមកហើយដែលបុព្វបុរសខ្មែរនិយមលេងដើម្បីសាកល្បងប្រាជ្ញាស្មារតីគ្នាហើយក៏ដើម្បីស្រាវជ្រាវពីក្បួនយុទ្ធសាស្ដ្រធ្វើសង្គ្រាមការពារទឹកដីផង ព្រោះល្បែងនេះបានបង្កប់ដោយក្បួនគណិតសាស្ត្រដែលអ្នកប្រាជ្ញបុរាណខ្មែរចងក្រងទុកជា ភ័ស្តុតាង នៅលើប្រាង្គប្រាសាទមកដល់បច្ចុប្បន្ន៕

អត្ថបទ៖ រត្ន័

មតិយោបល់

Sponsor

អត្ថបទថ្មីៗ