យុវជនខ្មែរនៅស្រុកបារាំងមកបង្ហាញបច្ចេកទេសលេងប៊ូលដល់អត្តពលិកប៉េតង់កម្ពុជា

ភ្នំពេញ៖ ប៊ូល និងប៉េតង់ គឺជាប្រភេទកីឡា២ដែលលេងលើទីលានប្រហាក់ប្រហែលគ្នាតែរបៀបលេងរបស់វាខុសគ្នាតែម្ដង ពោលគឺប៊ូលវាជាកីឡាមួយប្រភេទដែលមានប្រភពនៅស្រុកបារាំងតែនៅស្រុកខ្មែរគេនិយមលេងតែប៉េតង់ប៉ុណ្ណោះដែលកីឡាប៉េតង់នេះមានការប្រកួតក្នុងកម្រិតពិភពលោក អាស៊ីនិងថ្នាក់តំបន់តែសម្រាប់ប៊ូលខ្មែរយើងមិនទាន់និយមលេងនៅឡើយទេតែមានមនុស្សជាច្រើនច្រឡំថាប៉េតង់នេះជាប្រភេទប៊ូល ។ ប៉េតង់គេលេងយកពិន្ទុដែលកំណត់ការចាញ់ឈ្នះនរណារកបាន១៣ពិន្ទុមុនដោយពិន្ទុចាញ់ឈ្នះមិនឲ្យស្ថិតក្នុងស្ថានភាពនៅជាប់គ្នាឡើយ ។ ប៉េតង់មានការប្រកួតជាក្រុម ម្នាក់ទាល់ម្នាក់ ២នាក់ទល់២នាក់ ៣នាក់ទល់៣នាក់ និងការវាយយកពិន្ទុ ។

ប៉េតង់លេងគេបោះដោយរក្សាលំនឹងជើងមិនឲ្យកម្រើកឡើយ ។ សម្រាប់ប៊ូលទោះបីទីលានមានស្ថានភាពដូចប៉េតង់ក៏ពិតមែនតែគេលេងលើទីលានដែលមានបណ្ដោយ ២៧,៥០ម៉ែត្រ និងទទឹង ២,៥០ម៉ែត្រទៅ ៣ម៉ែត្រហើយរបៀបលេងគឺប្រហាក់ប្រហែលនឹងវិញ្ញាសាវាយយកពិន្ទុរបស់ប៉េតង់ដែរ ហើយប៊ូលមានទម្ងន់១,៤០គីឡូក្រាមនិងមានអង្កត់ផ្ចិត១១០សង្ទីម៉ែត្រ ។នៅពេលប្រកួតគឺមានខ្សែទីមួយនៅពីមុខប៊ូល ២គ្រាប់ និង ប៊ីមួយចម្ងាយ៥៩សង្ទីម៉ែត្រ ហើយដែលអ្នកវ៉ៃត្រូវតែវ៉ៃឲ្យចំប៊ូលណាមួយដែលគេបានកំណត់បើវ៉ៃខុស ឬវ៉ៃចំទាំង២មិនបានពិន្ទុឡើយ ។

យុវជន Brendan Sovannah BIN ដែលជាកូនបារាំងមានដើមកំណើតខ្មែរបានមកបង្ហាញពីរបៀបលេងប៊ូលដល់កីឡាករ-កីឡាការិនីកម្ពុជានៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈនេះ ហើយរូបគេគឺជាកីឡាករប៊ូលដែលលេងក្នុងក្រុមអាយុពី១៤ទៅ១៥ឆ្នាំនៅប្រទេសបារាំង ដោយរូបគេបានមកកម្ពុជាក្រោមការណែនាំរបស់លោកវ៉ាត់ ចំរើន អគ្គលេខាធិការគពណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។ Brendan Sovannah BIN បាននិយាយថា មុនពេលបោះប៊ូលគេត្រូវរត់ ៧ម៉ែត្រជាមុនសិនហើយបោះភ្លាមៗតែម្ដង ហើយរយៈពេលប្រកួតគឺ ១ម៉ោង៣០នាទី ដោយនរណាបានពិន្ទុច្រើនជាងគឺជាអ្នកឈ្នះ ។ ជារួមប៊ូលគេលេងលឿន និងរហ័សជាងប៉េតង់ ។

លោកសូម៉ៃ សុខគា អគ្គលេខាធិការរងសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាបានអំពាវនាវរកអ្នកដែលចេះលេងប៊ូលមកជួយបង្ហាត់ដល់គ្រូរបស់កម្ពុជាព្រោះអូឡាំពិកឆ្នាំ២០២៤ ទំនងជាមានដាក់ប្រភេទកីឡានេះឲ្យប្រកួត ។ លោកក៏បានព្យាយាមឲ្យគេបញ្ជូនមកសហព័ន្ធប៊ូល និងប៉េតង់កម្ពុជានូវឯកសារ បទបញ្ជាប្រកួតដើម្បីមន្ត្រីរបស់លោកបានមើល និងស្វែងយល់ផងដែរ ខណៈកម្ពុជាមានធនធានមនុស្សតែខ្វះគ្រូបង្ហាត់ និងឯកសារ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ