សហព័ន្ធបាល់ទាត់កម្ពុជា នឹងប្រកាសពីសមាសភាពគ្រូបង្វឹកជម្រើសជាតិនាថ្ងៃទី២ ខែមីនា ខាងមុខ!

ភ្នំពេញ៖ តាមប្រភពពីមន្ត្រីនៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានឱ្យដឹងថា នាថ្ងៃទី២ ខែមីនាខាងមុខនេះនឹងមានការរៀបចំសន្និសីទសារព័ត៌មានមួយនៅសណ្ឋាគារភ្នំពេញដើម្បីប្រកាសជាផ្លូវការនូវសមាសភាពនៃគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា ខណៈដែលគេនៅមិនទាន់ដឹងថា គ្រូបង្វឹករូបនេះអាចជាលោក Lee Tea Hoon ដដែលឬយ៉ាងណានោះទេ ។

សូមបញ្ជាក់ថា កាលពីចុងឆ្នាំ២០១៦ កន្លងទៅ បន្ទាប់ពីបានជ្រុះចេញពីការប្រកួត AFF Suzuki Cup ត្រឹមវគ្គជម្រុះតាមពូលរួចមក គ្រូបង្វឹកជនជាតិកូរ៉េខាងត្បូង Lee Tea Hoon បានប្រកាសថា លោកនឹងមិនបន្តកុងត្រាជាគ្រូបង្វឹកក្រុមគោព្រៃកម្ពុជាបន្តទៀតទេ ប្រសិនបើកីឡាករនៅតែមិនស្តាប់ការណែនាំរបស់លោកនោះ ។ យ៉ាងណាក៏ដោយ លោកបានបន្ថែមថា បើសិនសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ផ្ដល់ឱកាសឲ្យលោកដឹកនាំជាថ្មី លោកប្ដេជ្ញារឹតបន្តឹងក្រុមជម្រើសជាតិកម្ពុជាឲ្យបានកាន់តែខ្លាំង  ពិសេសគឺកីឡាករណាដែលមិនស្ដាប់ការណែនាំទាំងអស់នឹងមិនត្រូវបានកោះហៅឡើយ ដើម្បីផ្លាស់ប្ដូរទម្លាប់អាក្រក់របស់ពួកគេ និងលើកស្ទួយបាល់ទាត់កម្ពុជាឲ្យកាន់តែរីកចម្រើន ។

បុរសវ័យ ៥៥ឆ្នាំរូបនេះ បានថ្លែងថា៖ «ឆ្នាំនេះខ្ញុំមានបំណងចង់ផ្លាស់ប្ដូរទម្លាប់អាក្ររបស់កីឡាករកម្ពុជាមួយចំនួនឲ្យបាន បើសិនខ្ញុំ និងសហព័ន្ធឯកភាពគ្នាលើការបន្ដកិច្ចសន្យាថ្មី ។ ខ្ញុំសន្យាថា កីឡាករមិនស្ដាប់ការណែនាំទាំងអស់ គឺគ្មានផ្លូវកោះហៅចូលក្រុមជម្រើសជាតិនោះទេ ដោយខ្ញុំនឹងផ្ដល់ឱកាសឲ្យកីឡាករក្មេងៗ ដែលមានសមត្ថភាពវិញម្ដង ។ ប៉ុន្ដែពួកគេក៏ត្រូវមានទម្លាប់ល្អផងដែរ ទើបបាល់ទាត់កម្ពុជារីកចម្រើន» ។

អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ