គ្រូទ្រីយ៉ាត្លុងអាស៊ីមកបង្វឹកបច្ចេកទេសដល់គ្រូកម្ពុជាដើម្បីពង្រឹងសមត្ថភាពត្រៀមការប្រកួតធំៗ

ភ្នំពេញ៖ វគ្គសិក្សាបច្ចេកទេសកីឡាទ្រីយ៉ាត្លុងបានបើកធ្វើជាផ្លូវការហើយ ដោយនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនាខាងមុខនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។ លោកងិន សុបញ្ញា អគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាបានឲ្យដឹងថា វគ្គសិក្សាដែលបានកើតឡើងក្រោមការសហការរវាងសហព័ន្ធទ្រីយ៉ាត្លុងកម្ពុជានិងសហព័ន្ធទ្រីយ៉ាត្លុងអាស៊ីនេះមានសិក្ខាកាមចំនួន ២៥រូបដែលជាមន្ត្រីសហព័ន្ធ មន្ត្រីកីឡា អ្នកកីឡាជម្រើសជាតិ កីឡាជើងចាស់ កីឡាករ កីឡាការិនីជម្រើសជាតិ និងមួយចំនួនទៀតជាមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ក្រោមអធិបតីភាពលោកឧកញ៉ាគង់ រិទ្ធីជព្វ ប្រធានសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា ។

លោកប្រធានសហព័ន្ធបានបញ្ជាក់ថានេះជាលើកទី១ហើយដែលសហព័ន្ធអាស៊ីជួយបើកវគ្គនៅកម្ពុជា ហើយទ្រីយ៉ាត្លុងគឺជាប្រភេទកីឡាមួយដែលមានកីឡាចំនួន ៣ ប្រភេទបញ្ចូលគ្នាគឺហែលទឹក ជិះកង់ និងកីឡារត់ ។ សម្រាប់ហែលទឹកគឺហែលក្នុងចម្ងាយ ១,៥០គីឡូម៉ែត្រដែលបន្ទាប់ពីបញ្ចប់ការហែលទឹកនឹងត្រូវចាប់ផ្ដើមប្រណាំងកង់ភ្លាមៗ និងបន្ទាប់មកបញ្ចប់ការជិះកង់ត្រូវរត់ប្រណាំងភ្លាមៗលើចម្ងាយផ្លូវ១០គីឡូម៉ែត្រ ។ ដូច្នេះវាជាប្រភេទកីឡាមួយដែលទាមទារឲ្យអត្តពលិកមានភាពអំណត់ខ្ពស់លើប្រភេទកីឡាទាំង ៣ និងមានជំនាញព្រមទាំងហ្វឹកហាត់បានត្រឹមត្រូវលើប្រភេទវិញ្ញាសាទាំង ៣ នេះ ។

សូមបញ្ជាក់ថា វគ្គនេះធ្វើឡើងក្រោមគម្រោងអភិវឌ្ឍន៍របស់សហព័ន្ធកីឡាទ្រីយ៉ាត្លុងទ្វីបអាស៊ី ហើយគ្រូឧទ្ទេសក្នុងវគ្គនេះជាគ្រូមកពីសហព័ន្ធទ្រីយ៉ាត្លុងអាស៊ីគឺលោកស្រីម៉េឡូឌី តាន់ (Melodi Tan) ជាជនជាតិម៉ាឡេសុី និងលោកគីម វូក្យុង (Kim Woo Kyong) ជនជាតិកូរ៉េ និងជាប្រធានគម្រោងអភិវឌ្ឍន៍ទ្វីបអាស៊ីតែម្ដង ។ នេះជាវគ្គដែលសិក្សាតែទ្រឹស្ដីសុទ្ធសាធដែលក្នុងនោះសិក្សាពីយុទ្ធសាស្ត្រក្នុងការរៀបចំការប្រកួត ក៏ដូចជាអំពីតួនាទីរបស់មន្ត្រីមុនពេលការប្រកួតមកដល់ ពេលការប្រកួតចាប់ផ្ដើម ការស្វែងពីការចេញដំណើរនៃដំណាក់កាលនីមួយៗការមកដល់ទីរបស់អត្តពលិក ការត្រួតពិនិត្យពីពេលវេលាមកដល់របស់អត្តពលិក ប៉ុន្តែមិនមានការអនុវត្តន៍នៅលើទីលានឡើយ ៕

អត្ថបទ៖ វ៉ាន្នី

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ