សហព័ន្ធចំបាប់កម្ពុជា មិនទាន់ជ្រើសរើសអត្តពលិក ១០នាក់ដើម្បីទៅប្រកួតជើងឯកអាស៊ីអាគ្នេយ៍នៅថៃឡើយ

ភ្នំពេញ៖ អត្តពលិកចំបាប់កំពុងហ្វឹកហាត់ត្រៀមខ្លួនដើម្បីចូលរួមប្រកួតចំបាប់ជើងឯកអាស៊ីអគ្នេយ៍នៅប្រទេសថៃដែលនឹងចាប់ផ្តើមដំណើរការនៅពីថៃ្ងទី១ ដល់ថៃ្ងទី៨ ខែមេសា ឆ្នាំ២០១៧ខាងមុខនោះ យ៉ាងណាក៏ដោយ សហព័ន្ធមិនទាន់បានសម្រេចធ្វើការ ជ្រើសរើសនៅឡើយទេគ្រាន់តែប្រាប់ពីចំនួនអត្តពលិកដែលចូលរួមប៉ុណ្ណោះ។

អគ្គលេខាធិការសហព័ន្ធកីឡាចំបាប់កម្ពុជា លោក ធិនវិចិត្រ បានប្រាប់កាលពីថ្ងៃទី ២២ ខែកុម្ភៈ កន្លងទៅថា៖ «ការបញ្ជូនអត្តពលិកទៅចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតកីឡាចំបាប់ជើងឯកអាស៊ីអាគ្នេយ៍នេះ រាល់ថ្លៃចំណាយទាំងអស់ទទួលបានការរ៉ាប់រងពីលោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និងជានាយកវិទ្យាស្ថានខាមអេដ ហើយកីឡាករ កីឡាការិនីចំបាប់កម្ពុជាទាំង១០នាក់ ដែលត្រូវទៅចូលរួមប្រកួតជើងឯកអាស៊ីអគ្នេយ៍នៅថៃនេះ មិនទាន់មានការសម្រេចរើសកីឡាករ កីឡាការិនី ឬ ប្រភេទទម្ងន់ណាមួយនៅឡើយទេ ត្បិតការប្រមូលផ្តុំក្រុមជម្រើសជាតិ ទើបតែចាប់ផ្តើមដោយត្រូវរង់ចាំដល់សប្តាហ៍ក្រោយមួយទៀត ទើបគណៈកម្មការបច្ចេកទេសរបស់សហព័ន្ធ អាចធ្វើតេស្តិ៍សម្រាំងយកកីឡាករ កីឡាការិនីបាន ។»

គួរបញ្ជាក់ផងដែរថា ចំពោះការប្រកួតនេះមានប្រទេសដែលជាឧបសគ្គធំបំផុតរបស់កម្ពុជាក្នុងការដណ្តើមយកមេដាយមាសនោះ គឺវៀតណាម ក្រៅពីនោះមិនមែនជាក្តីបារម្ភរបស់កម្ពុជាឡើយ ៕

អត្ថបទ៖ រត្ន័

មតិយោបល់

Sponsor

អត្ថបទថ្មីៗ