អត្តពលកម្មត្រៀមបញ្ជូនអត្តពលិក ៨រូបចេញទៅប្រកួត៣ព្រឹត្តិការណ៍អន្តរជាតិ៣ធំៗ

ភ្នំពេញ៖ សហព័ន្ធកីឡាអត្តពលកម្មត្រៀមបញ្ជូនអត្តពលិក ៨រូប ចេញទៅប្រកួត៣ព្រឹត្តិការណ៍អន្តរជាតិ៣ធំៗ ខណៈដែលមកដល់ពេលនេះ សហព័ន្ធកីឡាអត្តពលកម្មស្ម័គ្រចិត្តកម្ពុជា បានធ្វើតេស្តជ្រើសរើសអត្តពលិកចំនួន៨រូបបានហើយ សម្រាប់ត្រៀមទៅចូលរួមក្នុងព្រឹត្តិការណ៍កីឡាធំៗចំនួន៣ នៅលើឆាកអន្តរជាតិ នាខែមិនាឆាប់ៗខាងមុខនេះ។ ក្នុងចំណោមកីឡាករ កីឡាការិនីថ្នាលទាំង៨នាក់ ក្នុងនោះមានស្រី៤នាក់ បានកំពុងខិតខំជំរុញដល់ការហ្វឹកហាត់ជាប់ជាប្រចាំ ។ បើតាមការកត់សម្គាល់របស់សហព័ន្ធ យុវជនទាំង៨នាក់នេះ មានកម្រិតបច្ចេកទេសកើនឡើងប្រមាណ៣០% រយៈពេលហ្វឹកហាត់ជាង១ឆ្នាំកន្លងមកនេះ ។ ការដំណើរចេញទៅប្រកួតនៅក្នុងព្រឹត្តិការណ៍ទាំង៣ធំៗនេះ គឺមានការប្រកួតជ្រើសរើសជើងឯកយុវជនអាស៊ីអាគ្នេយ៍ ប្រព្រឹត្តទៅនាខែមីនា ខាងមុខនេះ។


ការប្រកួតជ្រើសរើសជើងឯកយុវជនអាស៊ី នៅប្រទេសថៃ និងព្រឹត្តិការណ៍ ប្រកួត កីឡាសិស្សនិស្សិត (School Games )នៅប្រទេសសិង្ហបុរី ។ គ្រូបង្វឹយុវជនថ្នាល់ជម្រើសជាតិកម្ពុជាលោក ពៅ ស៊ីថាបានឱ្យដឹងថា៖ ការចេញទៅប្រកួតនេះ គឺ ដើម្បីជំរុញឲ្យយុវជនរបស់យើង ដែលបានខិតខំហ្វឹកហាត់រយៈពេលជាង១ឆ្នាំនេះ បានចូលរួមប្រកួត ដកស្រង់បទពិសោធន៍ ព្រោះកម្រិតរបស់យុវជន មិនទាន់អាចប្រកួតប្រជែង និងកីឡាករ កីឡាការិនី ប្រទេសក្នុងអាស៊ីបានទេ ។ លោកបន្តថា៖ ទាំងនេះ គឺជាគម្រោង របស់សហព័ន្ធកីឡាអត្តពលកម្មកម្ពុជា បានដាក់ផែនការ តាមការណែនាំរបស់ក្រសួងអប់រំយុវជនកីឡា ដែលមានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ជាសេនាធិការ និងគ្រប់គ្រងកីឡាករ កីឡាការិនីជម្រើសជាតិ ទាំងឈុតធំនិងឈុតតូច៕
អត្ថបទ៖ រត្ន័

មតិយោបល់

Sponsor

អត្ថបទថ្មីៗ