លោក មាស ចាន់ណា៖ បឹងកេត, ទ័ព, ក្រោន និងស្វាយរៀង គឺជាឧបសគ្គរបស់ណាហ្គាឆ្នាំនេះ

ភ្នំពេញ៖ លោក មាស ចាន់ណា គ្រូបង្វឹកក្រុមណាហ្គាវើល លើកឡើងថា រដូវកាលថ្មីនេះ កូនក្រុមលោកបានត្រៀមខ្លួនយ៉ាងល្អ សម្រាប់ការប្រកួតក្របខណ្ឌលីគកំពូលកម្ពុជា ឆ្នាំ២០១៧ ប៉ុន្ដែយ៉ាងណាលោកនៅតែមានការព្រួយបារម្ភចំពោះក្លឹបធំៗចំនួន ៤ ដែលជាឧបសគ្គរបស់ខ្លួន ឆ្ពោះទៅប្រជែងតំណែងជើងឯក ដូចជាក្រុមការពារតំណែងជើងឯកបឹងកេតអង្គរ, ក្រសួងការពារជាតិ(ទ័ព), ភ្នំពេញក្រោន និងព្រះខ័នរាជស្វាយរៀង ។


គ្រូបង្វឹកជួយក្រុមណាហ្គាវើលឈ្នះជើងឯករងលីគកំពូលកម្ពុជា កាលពីឆ្នាំ២០១៥រូបនេះ បានបន្ថែមថា ទោះបីរដូវកាលថ្មីនេះ លីគកំពូលកម្ពុជាមាន ១២ក្រុមចូលរួមក៏ពិតមែន ប៉ុន្ដែប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រៅពីក្រុមលំដាប់កំពូលតារាងទាំង ៤ក្រុមខាងលើ ក្រុមណាហ្គាវើលមិនសូវជួបឧបសគ្គក្នុងការប្រកួតនោះទេ ។ ដូច្នេះលោកបានត្រៀមខ្លួនយ៉ាងល្អ រាល់ពេលប្រកួតជាមួយក្រុមខ្លាំងៗទាំងនេះ ។


ការលើកឡើងនេះ គឺមុនពេលក្រុមណាហ្គាវើល ត្រូវជួបក្រុមភ្នំពេញក្រោន ដែលជាជំនួបជើងទី១ សប្ដាហ៍ទី២ នៃលីគកំពូលកម្ពុជា ឆ្នាំ២០១៧ បន្ទាប់ពីក្រុមណាហ្គាវើល បានផ្ដួលក្រុមចំណូលថ្មីអគ្គិសនីកម្ពុជា ដោយលទ្ធផល ៤-១ ដើម្បីទទួល ៣ពិន្ទុកាលពីប្រកួតបើកឆាកចុងសប្ដាហ៍មុន ។ ដូចគ្នានេះដែរ ក្រុមភ្នំពេញក្រោន ក៏កំពុងកាន់តែ ៣ពិន្ទុក្នុងដៃផងដែរ ក្រោយយកឈ្នះក្រុមអាស៊ីអឺរ៉ុប ដោយលទ្ធផល ៣-០ ដូចគ្នា ៕



អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ