ចុងសប្ដាហ៍នេះ មឿន សុខហ៊ុច នឹងប្រជែងយកខ្សែក្រវាត់ Max Muay Thai World Champions នៅទីក្រុងប៉ាតាយ៉ា

ភ្នំពេញ៖ នាថ្ងៃអាទិត្យ ទី២៦ ខែកុម្ភៈ ចុងសប្ដាហ៍នេះ សហព័ន្ធប្រដាល់កម្ពុជានឹងបញ្ជូនអ្នកប្រដាល់របស់កម្ពុជា១រូបគឺ កីឡាករ មឿន សុខហ៊ុច ម្ចាស់ខ្សែក្រវាត់ចំនួន ៣ ស្ថាប័ន គឺនៅសង្វៀន SEATV សង្វៀន CNC និងការឈ្នះខ្សែក្រវាត់ប្រាក់នៅលើសង្វៀនប៉ុស្តិ៍លេខ៨ ថៃ ក្នុងកម្មវិធី Max Muay Thai ឱ្យចូលរួមប្រកួតដណ្ដើមខ្សែក្រវាត់មាសពីកីឡាករមកពី ៣ប្រទេសផ្សេងទៀតក្នុងព្រឹត្តិការណ៍ Max Muay Thai World Champions នៅលើសង្វៀនប៉ុស្តិ៍លេខ៨ ស្ថិតនៅទីក្រុងប៉ាតាយ៉ា ប្រទេសថៃ។ ខណៈដែលការប្រកួតនេះ ចាប់ផ្តើមជម្រុះបែបម៉ារ៉ាតុងដែលមាន ៣ ទឹក ហើយយកអ្នកឈ្នះ ២ នាក់ ឡើងទៅវគ្គផ្តាច់ព្រ័ត្រដណ្តើមយកខ្សែក្រវាត់ និងទឹកប្រាក់ ១ លានបាត។

ប្រធានសហព័ន្ធកីឡាគុនខ្មែរលោក តែម ម៉ឺន បានមានប្រសាសន៍ប្រាប់ថា៖ «យើងគាំទ្រឲ្យមានការប្រកួតលក្ខណៈអន្តរជាតិនៅក្រៅប្រទេសមានប្រាក់ចំណូលច្រើនព្រមទាំងមានសមត្ថភាពល្បីល្បាញ ហើយការចេញទៅប្រកួតដណ្តើមខ្សែក្រវាត់មាសកម្រិតពិភពលោកក្នុងព្រឹត្តិការណ៍ Max Muay Thai របស់ មឿន សុខហ៊ុច នេះយើងនឹងខំបំពេញបែបបទ និងគោលការណ៍ច្បាប់កីឡាឲ្យបានត្រឹមត្រូវពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា ដែលជាស្ថាប័នគ្រប់គ្រងពីលើសហព័ន្ធកីឡាជាតិ»។ លោកបន្តថា ការទទួលបានសិទ្ធិទៅប្រកួតដណ្តើមខ្សែក្រវាត់មាស ទម្ងន់ ៦៥ គីឡូក្រាម ក្នុងព្រឹត្តិការណ៍លំដាប់ពិភពលោក Max Muay Thai នេះ ដោយសារតែ មឿន សុខហ៊ុច ធ្លាប់បានឈ្នះខ្សែក្រវាត់ប្រាក់ ទម្ងន់ ៦៥ គីឡូក្រាម ក្នុងព្រឹត្តិការណ៍ នេះកាលពីថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០១៦។ ជាមួយគ្នានេះដែរសម្រាប់ការត្រៀមចេញទៅប្រកួតដណ្តើមខ្សែក្រវាត់មាស នេះ មឿនសុខហ៊ុច មានទំនុកចិត្តឈ្នះច្រើន ព្រោះតាមដំណឹងដែលគេទទួលបាន គឺត្រូវប្រកួតជាមួយពួកអីរ៉ុប ម្យ៉ាងពួកអឺរ៉ុបនេះ គឺងាយស្រួលជាងកីឡាករថៃ»។

គួរបញ្ជាក់ផងដែរថា មុននឹងឈានទៅប្រជែងយកខ្សែក្រវ៉ាត់ មាស កីឡា មឿន សុខហ៊ុច នឹងត្រូវធ្វើការប្រកួតជម្រុះម៉ារ៉ាតុងជាមួយកីឡាករ Guillaume Pasgal មកពីបារាំង កីឡាករ Luke Bar របស់ប្រទេសវ៉េលស៍ និង Fabringe Delannon មកពី Guiana ដើម្បីរកអ្នកឈ្នះឡើងទៅប្រកួតផ្តាច់ព្រ័ត្រ ៕

អត្ថបទ៖ រត្ន័

មតិយោបល់

Sponsor

អត្ថបទថ្មីៗ