ពន្លកថ្មី អ៊ិន សូដាវីត ទាក់ចិត្តអ្នកគាំទ្របន្ទាប់ពីរកបានគ្រាប់បាល់លើកដំបូងរបស់ខ្លូន

នៅក្នុងឆ្នាំ២០១១ ក្លឹបបាល់ទាត់ភ្នំពេញក្រោនបានបង្កើតឡើងជាផ្លូវការនូវក្រុមកីឡាករថ្នាលយុវជនដែលជាការបណ្តុះបណ្តាលនូវកីឡាករវ័យក្មេងនៃក្លឹបបាល់ទាត់អាជីពដំបូងគេនៅក្នុងប្រទេសកម្ពុជា។ បណ្តាយុវជនដែលមានទេពកោសល្យក៏ដូចជាសមត្ថភាពទាំងនេះត្រូវបានជ្រើសរើសតាមរយៈការធ្វើតេស្តសាកល្បងក្នុងចំណោមយុវជនមកពីបណ្តា១៧ខេត្តនានានៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ អនុវត្តទៅតាមទស្សនវិស័យរបស់ក្លឹបក្រុមយុវជនដ៏មានសក្តានុពលទាំងនេះបានក្លាយជាក្រុមបាល់ទាត់វ័យក្មេងឈានមុខមួយនៅក្នុងប្រទេស និងបានបង្ហាញសមត្ថភាពនៅក្នុងក្រុមជម្រើសជាតិព្រមទាំងធ្លាប់បានចូលរួមការប្រកួតនៅលើឆាកអន្តរជាតិថែមទៀតផង។ នៅក្នុងចំណោមកីឡាករទាំងអស់នោះ យុវជន អ៊ិន សូដាវីត គឺជាកីឡាករលេចធ្លោម្នាក់នៅក្នុងក្រុមថែមទាំងត្រូវបានជ្រើសរើសជាសមាជិកនៃក្រុមកីឡាករបាល់ទាត់ជម្រើសជាតិអាយុក្រោម១៦ឆ្នាំថែមទៀតផង។ នាពេលបច្ចុប្បន្ននេះខ្សែបម្រើវ័យក្មេងរូបនេះក៏បានចូលរួមជាមួយក្រុមឈុតធំរបស់ក្លឹបភ្នំពេញក្រោនក្នុងយុទ្ធនាការមិត្តហ្វូនខេមបូឌានលីកផងដែរ។ ជាការកត់សម្គាល់កីឡាករវ័យ១៧ឆ្នាំនេះស្វែងរកបានគ្រាប់លើកដំបូងរបស់ខ្លួនកាលពីយប់មិញក្នុងជំនួបរវាងក្រុមភ្នំពេញក្រោន និងក្រុមបៀលប្រាយនាពហុកីឡដ្ឋានជាតិអូឡាំពិកបន្ទាប់ពីបានបង្កើតភាពភ្ញាក់ផ្អើលក្នុងការបង្ហាញខ្លួនលើកទីមួយរបស់គេកាលពីជំនួបជាមួយក្រុមវេស្ទើនលើទីលាន RSN រួចនោះ។ គិតត្រឹមការចូលរួមទាំងពីរលើកនេះ ដាវីត បានបង្ហាញសមត្ថភាពដ៏រស់រវើក និងបានទាក់ទាញការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រមិនតិចនោះឡើយ។

In Sodavidរូបភាពដាវីត ពេលត្រូវបានជ្រើសរើសចូលរូមក្រុមយុវជនភ្នំពេញក្រោន

លោកគ្រូបង្គោលក្លឹបភ្នំពេញក្រោន Sam Schweingruber បានលើកឡើងថា៖ “វាពិតជារឿងល្អដែលយើងបានផ្តល់ឱកាសឲ្យកីឡាករវ័យក្មេងមានឱកាសក្នុងការបង្ហាញខ្លួនជាពិសេសសូដាវីតដែលចេញពីក្រុមយុវជន ខណៈដែលខ្ញុំក៏ធ្លាប់ធ្វើការជាមួយគ្នារយៈពេល ២ ឆ្នាំក្នុងក្រុមជម្រើសជាតិអាយុក្រោម ១៦ ឆ្នាំផងដែរ។ ខ្ញុំស្គាល់គេច្បាស់ព្រមទាំងពេញចិត្តក្នុងការផ្តល់ឱកាសឲ្យកីឡាករយុវជនរបស់យើង ហើយនេះពិតជារឿងដ៏ល្អមួយ។ កីឡាកររូបនេះមានភាពរីកចម្រើនច្រើន ហើយការផ្តល់ឱកាសដូច្នេះគឺជាការធ្វើឲ្យសុបិនរបស់គេបានក្លាយជាពិត។ គេនៅមានផ្លូវដ៏វែងឆ្ងាយទៀតនេះជាការប្រកួតដ៏ល្អហើយរូបគេនឹងធ្វើបានល្អជាងនេះ។”

សូមបញ្ជាក់ថាជាមួយនឹងភាពលេចធ្លោរបស់ខ្លួន សូដាវីត ក៏ជាប្រធានក្រុមយុវជនអាយុក្រោម១៨ឆ្នាំរបស់ក្លឹបភ្នំពេញក្រោនផងដែរបន្ទាប់ពីរូបគេបានចូលរួមជាមួយក្លឹបធំមួយនេះតាំងតែពីឆ្នាំ២០១១មកនោះ៕

In Sodavid

អត្ថបទ៖ មករា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ