ដំណាក់កាលទី១ នៃការសាងសង់ពហុកីឡដ្ឋានមរតកតេជោ នឹងបញ្ចប់នាខែមិនាខាងមុខនេះ

ភ្នំពេញ៖ ពហុកីឡដ្ឋានដ៏ប្រណិត និងសមស្របតាមស្ដង់ដាអន្តរជាតិដែលប្រជាពលរដ្ឋកម្ពុជាកំពុងទន្ទឹងរង់ចាំនោះជិតបញ្ចប់ការសាងសង់ដំណាក់កាលទី១ហើយ ដែលគ្រោងនឹងដាក់ឱ្យប្រើប្រាស់បណ្ដោះអាសន្ន នាខែមិនា ឆ្នាំ២០១៧ ឆាប់ៗនេះ ខណៈដែលការសាងសង់នេះនៅសល់ ២ដំណាក់កាលទៀតទើបបញ្ចប់រួចរាល់ទាំងស្រុងនៅឆ្នាំ២០២០ ។

បើតាមអគ្គលេខាធិការជាតិអូឡាំពិកកម្ពុជា លោកវ៉ាត់ ចំរើន បានឱ្យដឹងថា៖ «ការសាងសង់ពហុកីឡដ្ឋានមរតកតេជោបានចាប់ផ្ដើមតាំងពីថ្ងៃទី១២ មេសា ២០១៣ មកម្ល៉េះដោយមាន៣ ដំណាក់កាលធំៗ ហើយត្រូវបញ្ចប់ទាំងស្រុងនៅឆ្នាំ២០២០ ដើម្បីត្រៀមប្រកួតស៊ីហ្គេមនៅឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍សុីហ្គេមនោះ ។» លោកបានបន្តថា៖ «រហូតមកទល់ពេលនេះពហុកីឡដ្ឋានជាតិមរតកតេជោសាងសង់មូលដ្ឋានគ្រឹះជិតរួចរាល់ហើយ គឺនៅសល់ការងារតុបតែង និងសម្អាតខ្លះ ដើម្បីត្រៀមសម្ពោធដាក់ឲ្យប្រើប្រាស់ក្នុងខែមីនានេះ ក្នុងនោះមានកន្លែងមណ្ឌលកីឡាហែលទឹក កន្លែងស្នាក់នៅរបស់កីឡាករ ដែលគេហៅថាភូមិកីឡា និងកំពុងជំរុញការសាងសង់ជាបន្តបន្ទាប់ទៀត ។»

គួរបញ្ជាក់ផងដែរថា ការសាងសង់ពហុកីឡាដ្ឋានជាតិមរតកតេជោនេះ មាន៣ដំណាក់កាល គឺដំណាក់កាលទី១-មានរយៈពេល៤ឆ្នាំ, ទី២ មាន៤ឆ្នាំ និងដំណាក់កាលទី៣ មានរយៈពេលខ្លី ដែលជាដំណាក់កាលតុបតែងកែលម្អ និងការងារសម្អាតប៉ុណ្ណោះ ហើយជាផែនការមេស៊ីហ្គេមធ្វើយ៉ាងណាសាងសង់ឱ្យហើយក្នុងឆ្នាំ២០១៩ និង២០២០ ដើម្បីទុកពេល៣ ទៅ៤ឆ្នាំសម្រាប់ធ្វើការប្រកួត និងប្រើប្រាស់សាកល្បង ៕

អត្ថបទ៖ រត្ន័

មតិយោបល់

Sponsor

អត្ថបទថ្មីៗ