លោក ប្រាក់ វុទ្ធី រំពឹង EDC គេចផុតពីតំបន់កាត់ចេញនៃលីគរដូវកាលថ្មីនេះ

ភ្នំពេញ៖ អតីតគ្រូបង្វឹកក្រុមបឹងកេតអង្គរលោក ប្រាក់ វុទ្ធី បានលើកឡើងថា ក្រុមអគ្គិសនីកម្ពុជា(EDC) នៅមិនទាន់ត្រៀមលក្ខណៈសម្បត្តិបានល្អ ១០០% សម្រាប់ការបង្ហាញខ្លួនលើកដំបូង នៅក្នុងលីគកំពូលកម្ពុជា រដូវកាលថ្មីទេ ដោយសារក្រុមទើបបង្កើត ប៉ុន្ដែលោកបានកំណត់គោលដៅឆ្នាំដំបូងនេះ នឹងព្យាយាមឲ្យអស់ពីសមត្ថភាព ដើម្បីគេចឲ្យផុតពីតំបន់កាត់ចេញ ឬធ្លាក់ទៅលេងលីគលំដាប់ទី២ ជាថ្មី ។
បងប្រុសបង្កើតលោក ប្រាក់ សុវណ្ណារ៉ា រូបនេះបានបញ្ជាក់មុនរបូតអស់ ៣ពិន្ទុថ្ងៃបើកឆាកលីគរដូវកាលថ្មី ក្រោយប្រកួតចាញ់ក្រុមណាហ្គាវើល ៤-១ ថា ដោយសារក្រុម EDC ទើបតែបង្កើត ហើយកីឡាករភាគច្រើនជាធនធានយុវជន ដូច្នេះសមត្ថភាពនៅមានកម្រិតនៅឡើយ បើធៀបនឹងក្រុមដទៃ ដែលមានបទពិសោធន៍ច្រើនឆ្នាំ និងសម្បូរទៅដោយកីឡាករល្អៗនោះ ។ ម្យ៉ាងវិញទៀត ការបង្កើតក្រុម EDC គឺស្ថិតក្នុងផែនការរយៈពេលវែង ដោយថ្នាក់ដឹកនាំបានកំណត់រយៈពេល ៥ឆ្នាំ ដើម្បីជំរុញក្រុមជ្រកក្រោមស្ថាប័នអគ្គិសនីកម្ពុជានេះឲ្យមានសក្ដានុពល ។
ហេតុនេះការកំណត់ចំណាត់ថ្នាក់ល្អ សម្រាប់ការបង្ហាញខ្លួនលើកដំបូងក្នុងលីគ គឺមិនទាន់នោះទេ ។ ប៉ុន្ដែសមាជិកក្រុម EDC ទាំងមូល បានតាំងចិត្តថា យ៉ាងហោចណាស់ក៏ត្រូវគេចផុតពីតំបន់កាត់ចេញដែរ ។ លោក ប្រាក់ វុទ្ធី បានឲ្យដឹងថា «ក្នុងរយៈពេល ៥ឆ្នាំដំបូង ថ្នាក់ដឹកនាំមានផែនការបណ្ដុះបណ្ដាលថ្នាលយុវជនឲ្យបានល្អ ព្រោះចង់ឃើញក្រុមមួយមានកីឡាករក្នុងស្រុកសុទ្ធអាចលើកពានលីគកំពូលកម្ពុជា ដោយមិនប្រើប្រាស់ធនធានកីឡាករបរទេស ។ ខ្ញុំគិតថា នេះគឺជាផែនការដ៏ល្អមួយ ដើម្បីជំរុញវិស័យបាល់ទាត់កម្ពុជា ដូចជាក្រុម EDC ផ្ទាល់ឲ្យរីកចម្រើននាថ្ងៃអនាគត» ៕
អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ