AFC Cup៖ គ្រូបឹងកេតទទួលស្គាល់ JDT គឺជាក្រុមខ្លាំង តែកូនក្រុមលោកត្រៀមរួចរាល់ដែរ

ភ្នំពេញ៖ លោក John McGlynn គ្រូបង្វឹកក្រុមបឹងកេតអង្គរ បានទទួលស្គាល់ក្រុម Johor Darul Ta’zim របស់ម៉ាឡេស៊ី គឺជាក្រុមខ្លាំងមួយ ដែលមានប្រព័ន្ធលេងច្បាស់លាស់ តែយ៉ាងកូនក្រុមរបស់ខ្លួន ក៏បានត្រៀមខ្លួនហើយជាស្រេច ដើម្បីជួបអតីតក្រុមជើងឯកពានរង្វាន់ AFC Cup 2015 នេះផងដែរ ។ ការថ្លែងបែបនេះ បានធ្វើឡើងក្នុងសន្និសីទកាលពីម្សិលមិញ មុនការប្រកួតរវាងក្រុមទាំងពីរ នាវេលាម៉ោង ៧៖៤៥នាទីយប់នេះ(ម៉ោងនៅកម្ពុជា) នៅកីឡដ្ឋាន Tan Sri Dato Hj Hassan Yunos ដែលជាជំនួបបើកឆាកពូលF នៃពានរង្វាន់ AFC Cup 2017 ។

គ្រូបង្វឹកទើបឡើងមកជំនួសតំណែងលោក ប្រាក់ សុវណ្ណារ៉ារូបនេះ និយាយថា «យើងរីករាយជាទីបំផុត ហើយយើងមានមោទនះភាព ដែលបានប្រកួតជាមួយអតីតក្រុមជើងឯក AFC CUP 2015 ។ ក្រុមបាល់ទាត់ Johor Darul Ta’zim ជាក្រុមមួយដ៏ល្អ យើងក៏ទទួលស្គាល់ពីគុណភាពរបស់ពួកគេ កម្រិតនៃការលេង ប្រហែលជាអ្នករាល់គ្នាបានស្គាល់រួចហើយ ពួកគេជាក្រុមអាជីពមួយយ៉ាងពិតប្រាកដ តែយើងបានត្រៀមខ្លួនរួចរាល់ហើយ សម្រាប់ការប្រកួតជាប្រវត្តិសាស្ត្ររបស់យើង ហើយកីឡាករគ្រប់រូបក៏ត្រៀមរួចរាល់ដែរ គ្រប់គ្នាខិតខំហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់ជាទីបំផុត ខ្ញុំរំពឹងថាយើងនឹងធ្វើបានល្អនៅថ្ងៃស្អែកនេះ»។

គួរបញ្ជាក់ថា ពូលF នៃពានរង្វាន់លំដាប់ទី២ ប្រចាំទ្វីបអាស៊ីនេះ គឺមាន ៤ក្រុម ដូចជាក្រុមបឹងកេតអង្គររបស់កម្ពុជា, ក្រុម Johor Darul Ta’zim របស់ម៉ាឡេស៊ី, ក្រុមខ្លាំងហ្វីលីពីន Global និងក្រុម Magwe របស់មីយ៉ាន់ម៉ា ហើយក្រុមនីមួយៗត្រូវធ្វើការប្រកួតវិលជុំចំនួន ២ជើង ដើម្បីសន្សំពិន្ទុ ។ ហើយបន្ទាប់ពីជួបក្រុម Johor Darul Ta’zim ក្រុមបឹងកេតអង្គរ នឹងទ្វាពហុកីឡដ្ឋានជាតិទទួលក្រុម Global របស់ហ្វីលីពីនវិញម្ដង នៅថ្ងៃទី០៧ ខែមិនា ឆ្នាំ២០១៧ខាងមុខនេះ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ