AFC Cup៖ បឹងកេត ប៉ះម្ចាស់ផ្ទះម៉ាឡេស៊ី បើកឆាកពូលF ស្អែកនេះ BTV នឹងផ្សាយបន្ដផ្ទាល់

ភ្នំពេញ៖ ក្រុមបាល់ទាត់បឹងកេតអង្គររបស់កម្ពុជា បានធ្វើដំណើរទៅដល់ប្រទេសម៉ាឡេស៊ីហើយ កាលពីចុងសប្ដាហ៍កន្លងទៅ ហើយក៏បាននឹងកំពុងហ្វឹកហាត់នៅទីនោះ ដើម្បីត្រៀមប្រកួតបើកឆាកពូលF ដោយជួបក្រុមម្ចាស់ផ្ទះ Johor Darul Ta’zim នាវេលាម៉ោង ៧៖៤៥នាទីយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧ស្អែកនេះ នៅកីឡដ្ឋាន Tan Sri Dato Haji Hassan Yunos ។

លើសពីនេះក៏មានការផ្សាយបន្ដផ្ទាល់ពីក្រុមការងារទូរទស្សន៍ BTV-News ផងដែរ ។ គួរបញ្ជាក់ថា មុនកើតមានការប្រកួតស្អែកនេះ ក្រុមបឹងកេតអង្គរបានឆ្លងកាត់ការប្រកួតជម្រុះ ២ជើងជាមួយក្រុម Lao Toyota របស់ឡាវ ហើយបានយកឈ្នះក្នុងលទ្ធផល ២-១ ។ ចំណែកកីឡាករបឹងកេតអង្គរ ២រូប គឺមានខ្សែការពារ ស៊ុន សុវណ្ណរិទ្ធី និងអ្នកចាំទី ស៊ូ យ៉ាទី ដែលត្រូវបានអាជ្ញាកណ្ដាលពិន័យកាតក្រហមក្នុងការប្រកួតជម្រុះនេះ ឥលូវបានរួចពិន័យហើយ ដើម្បីជួយមិត្តរួមក្រុមក្នុងជំនួបជាមួយក្រុម Johor Darul Ta’zim នាថ្ងៃស្អែក បើទោះបី ស៊ូ យ៉ាទី ត្រូវបាន AFC ប្រកាសពិន័យជាសាច់ប្រាក់ ១,០០០ដុល្លារទៀតក៏ដោយ ។

គួរបញ្ជាក់ថា ពូលF នៃពានរង្វាន់លំដាប់ទី២ ប្រចាំទ្វីបអាស៊ីនេះ គឺមមាន ៤ក្រុម ដូចជាក្រុមបឹងកេតអង្គររបស់កម្ពុជា, ក្រុម Johor Darul Ta’zim របស់ម៉ាឡេស៊ី, ក្រុមខ្លាំងហ្វីលីពីន Global និងក្រុម Magwe របស់មីយ៉ាន់ម៉ា ហើយក្រុមនីមួយៗត្រូវធ្វើការប្រកួតវិលជុំចំនួន ២ជើង ដើម្បីសន្សំពិន្ទុ បើក្រុមណាឈរកំពូលតារាងចំនួន ២ក្រុមនឹងឡើងទៅវគ្គខ្វែងពូល ពោលគឺក្រុមលេខ១ និងលេខ២ ពូល G, H និងពូល I ត្រូវជួបគ្នា ដើម្បីដណ្ដើមកៅអីវគ្គបន្ដ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ