លទ្ធផលចាប់ឆ្នោតពាន AFF U-18 ឆ្នាំ២០១៧ កម្ពុជាស្ថិតក្នុងពូល A

ភ្នំពេញ៖ ការចាប់ឆ្នោតបែងចែកពូលពានរង្វាន់យុវជនប្រចាំតំបន់អាស៊ីអាគ្នេយ៍ AFF U-18 Championship 2017 នាព្រឹកថ្ងៃទី ១៧ ខែកុម្ភៈ នេះ បានចេញជាលទ្ធផលហើយ ដោយក្រុមជម្រើសជាតិក្រោមអាយុ ១៨ ឆ្នាំកម្ពុជា(U-18) ស្ថិតក្នុងពូលA ជាមួយនឹងក្រុមខ្លាំងៗ ដូចជាថៃ, សិង្ហបុរី, ម៉ាឡេស៊ី, ឡាវ និងទីម័រខាងកើត ។

កម្មវិធីចាប់ឆ្នោតខាងលើបានធ្វើឡើងនៅប្រទេសមីយ៉ាន់ម៉ា ដែលនឹងធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ AFF U-18 Championship 2017 នេះ ខណៈការប្រកួតគ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី ០៤ ដល់ថ្ងៃទី១៧ ខែកញ្ញាខាងមុខ ។ ចំណែកពូលB វិញ រួមមានក្រុម U-18ម្ចាស់ផ្ទះមីយ៉ាន់ម៉ា, វៀតណាម, ហ្វីលពីន, ឥណ្ឌូនេស៊ី, ប្រ៊ុយណេ និងក្រុមចំណូលថ្មីនូវែលហ្សេឡង់ ។ គួរបញ្ជាក់ថា ពានរង្វាន់ AFF U-18 Championship 2017 នេះ គឺសហព័ន្ធកីឡាបាល់ទាត់អាស៊ីអាគ្នេយ៍(AFF) ទើបតែផ្លាស់ប្ដូរថ្មី គ្រាដែលការប្រកួតកាលពីឆ្នាំកន្លងទៅ គឺជាពានរង្វាន់ AFF U-19 Championship ឬពានកម្រិតអាយុ ១៩ឆ្នាំក្នុងតំបន់អាស៊ាន ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ