វេស្ទើនរំពឹងដណ្ដើមកៅអី Top-4 ដោយផ្នែកលើកត្ដា ៦ចំណុច…!

ភ្នំពេញ៖ បន្ទាប់ពីផ្លាស់ប្ដូរគ្រូបង្វឹកថ្មី និងកីឡាករក្នុងស្រុក-បរទេសមួយចំនួន ក្រុមបាល់ទាត់វេស្ទើនភ្នំពេញ ហាក់មានជំនឿចិត្តខ្ពស់ក្នុងការប្រកួតលីគកំពូលកម្ពុជា រដូវកាលថ្មីនេះ ហើយថែមទាំងប្ដេជ្ញាចិត្តដណ្ដើមឲ្យបានចំណាត់ថ្នាក់លេខ៤ ឬលេខ៥(Top-4 ឬ To-5) ទៀតផង ។

នេះបើតាមការលើកឡើងរបស់លោក ស៊ុម វណ្ណា គ្រូបង្វឹកថ្មីរបស់វេស្ទើន ដែលជាអតីតគ្រូបង្វឹកក្រុមស៊ីម៉ាក់ និងក្រុមបៀលប្រាយយូណាយធីត ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការកំណែទម្រង់ក្រុមត្រៀមរដូវកាលថ្មី នៅកីឡដ្ឋានវេស្ទើន នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈនេះ លោក ស៊ុម វណ្ណា បានលើកឡើងថា ក្រោមមហិច្ឆតារួបរួមគ្នានៃសមាជិកក្រុមវេស្ទើនភ្នំពេញ និងទទួលបានការគាំទ្រពីថ្នាក់ដឹកនាំក្លឹបផងនោះ វេស្ទើនត្រៀមរដូវកាលថ្មីនេះ គឺមានការផ្លាស់ប្ដូរច្រើនជាងឆ្នាំមុនៗ ។ ដោយផ្អែកលើកត្ដាសំខាន់ៗ ៦ចំណុចគ្រូបង្វឹកវ័យក្មេងរូបនេះ ថែមទាំងមានជំនឿចិត្តដណ្ដើមឲ្យបាននូវកៅអី Top-4 ឬ Top-5 ទៀតផង ។

អតីតគ្រូបង្វឹកក្រុមស៊ីម៉ាក់រូបនេះ និយាយថា «កត្ដាដែលខ្ញុំរំពឹងសម្លឹងរកកៅអី Top-4 ឬ To-5 មានដូចជា៖ ទី១៖ ក្លឹបចក្ខុវិស័យច្បាស់លាស់ និងមានកម្មវិធីហ្វឹកហាត់ត្រឹមត្រូវ ដែលធ្វើឲ្យក្រុមវេស្ទើនមានភាពរីកចម្រើនជាបន្ដបន្ទាប់ ។ ទី២៖ ការគាំទ្រពីថ្នាក់ដឹកនាំ នៅក្នុងការនាំចូលកីឡាករមានសមត្ថភាពទាំងបរទេស និងកីឡាក្នុងស្រុក ។ ទី៣៖ កីឡាករឆ្នើមៗទាំងកីឡាករបរទេស និងកីឡាក្នុងស្រុក ។ ទី៤៖ មានកីឡដ្ឋានផ្ទាល់ ។ ទី៥៖ ការថែទាំកីឡាករបានល្អ និងទី៦ គឺការផ្លាស់ប្ដូរយុត្ដិសាស្ដ្រ និងទម្រង់លេងតែម្ដង» ។ គួរបញ្ជាក់ថា លោក ស៊ុម វណ្ណា បានប្ដូរមកដឹកនាំក្រុមវេស្ទើន កាលពីចុងរដូវកាលមុន ខណៈក្រុមបាល់ទាត់ក្រោមការទំនុបបម្រុងពីសាកលវិទ្យាល័យមួយនេះ បានបញ្ចប់យុទ្ធនាការប្រកួតលីគកំពូលកម្ពុជា ឆ្នាំ២០១៦ ត្រឹមចំណាត់ថ្នាក់លេខ៨ ក្នុងចំណោម ១០ក្រុម បន្ទាប់ពីឆ្លងកាត់ ១៨ប្រកួតឈ្នះ២ ស្មើ៥ និងចាញ់១១ មាន ១១ពិន្ទុ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ