គ្រូ EDC ថា ប៉ះណាហ្គាវើលខានស្អែកនេះ លោកនឹងចតឡានក្រុងមុខទីតែម្ដង!

ភ្នំពេញ៖ លោក ប្រាក់ វុទ្ធី គ្រូបង្វឹកក្រុមអគ្គិសនីកម្ពុជា(EDC) បានសារភាពទទួលស្គាល់ថា ក្រុមណាហ្គាវើល គឺជាក្រុមខ្លាំង ដូច្នេះជំនួបបើកឆាករដូវកាលថ្មី នៃលីគកំពូលកម្ពុជា ឆ្នាំ២០១៧ នាថ្ងៃទី១៨ ខែកុម្ភៈខានស្អែកនេះ លោកពង្រឹងប្រព័ន្ធការពារឲ្យបានខ្លាំង ឬចតឡានក្រុងមុខទីតែម្ដង ដើម្បីទប់ទល់ការវាយសម្រុករបស់អតីតក្រុមជើងឯករងលីគកំពូលកម្ពុជា កាលពីឆ្នាំ២០១៥នេះ ។

បងប្រុសបង្កើតរបស់លោក ប្រាក់ សុវណ្ណារ៉ា រូបនេះ បានឲ្យដឹងមុនជួបក្រុមណាហ្គាវើលចុងសប្ដាហ៍នេះថា ដោយសារក្រុមលោក គឺជាក្រុមក្មេងខ្ចីទើបបង្កើត និងមិនមានបទពិសោធន៍គ្រប់គ្រាន់ សម្រាប់ការប្រកួតលីគកំពូល លោកមិនទាន់គិតពីរឿងលទ្ធផលឈ្នះ ឬចាញ់នោះទេ ប៉ុន្ដែអ្វីដែលលោក ក៏ដូចជាថ្នាក់ដឹកនាំក្រុមទាំងមូលចង់បាន គឺសុំត្រឹមឲ្យកូនក្រុមខិតខំលេងឲ្យអស់ពីសមត្ថភាពប៉ុណ្ណោះ ។

ដោយឡែកជំនួបបើកឆាករដូវកាលថ្មីជាមួយក្រុមណាហ្គាវើលវិញ លោកបាននិយាយថា «ណាហ្គាវើល គឺជាក្រុមខ្លាំង និងមានបទពិសោធន៍ជោគជាំលើទីលាន ហើយថែមទាំងសម្បូរទៅធនធាកីឡាករក្នុងស្រុក និងកីឡាករបរទេសល្អៗថែមទៀត ។ ដូច្នេះជំនួបខានស្អែកនេះ ខ្ញុំនឹងប្រើប្រព័ន្ធការពារ ហើយវាយបកឲ្យបានលឿនបំផុត ។ តែខ្ញុំអាចនិយាយបានថា គឺចតឡានក្រុងមុខទីតែម្ដង ព្រោះណាហ្គាវើល ដូចយើងដឹងស្រាប់ គឺជាក្រុមខ្លាំង…!» ។

សូមបញ្ជាក់ថា ក្រុមណាហ្គាវើល កាលពីរដូវកាលមុនបានបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៣ ហើយធ្លាប់ឈ្នះជើងឯករងម្ដង កាលពីឆ្នាំ២០១៥ ក្រោមការដឹកនាំរបស់លោក មាស ចាន់ណា ។ រីឯក្រុមអគ្គិសនីកម្ពុជា គឺជាក្រុមថ្មីទើបបង្កើតកាលពីខែកក្កដា ឆ្នាំ២០១៦កន្លងទៅ ហើយក៏បានចូលរួមប្រកួតក្របខណ្ឌលីគលំដាប់ទី២ របស់ដំបូងរបស់កម្ពុជា និងឈ្នះជើងរង ដើម្បីឡើងមកលេងលីគកំពូលនារដូវកាលថ្មីនេះ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ