លីគរដូវកាលថ្មី ចាប់ផ្ដើមចុងសប្ដាហ៍នេះ តែបឹងកេត ប៉ះទ័ពត្រូវលើកពេលព្រោះ…!

ភ្នំពេញ៖ ការប្រកួតបាល់ទាត់ក្របខណ្ឌជើងឯកលីគកំពូលកម្ពុជា រដូវកាលថ្មី ឆ្នាំ២០១៧ នឹងចាប់ផ្ដើមប្រកួតសន្សំពិន្ទុជើងទី១ នាថ្ងៃទី១៨ ខែកុម្ភៈចុងសប្ដាហ៍នេះហើយ ប៉ុន្ដែជំនួបដ៏គួរឲ្យចាប់អារម្មណ៍រវាងក្រុមការពារតំណែងជើងឯកបឹងកេតអង្គរ និងក្រុមជើងឯករងក្រសួងការពារជាតិ(ទ័ព) ត្រូវបានលើកពេលទៅហើយ ព្រោះក្រុមបឹងកេតអង្គរ ជាប់កាតព្វកិច្ចចូលរួមប្រកួតវគ្គចែកពូលពានរង្វាន់ AFC Cup 2017 នៅម៉ាឡេស៊ីដើមសប្ដាហ៍ក្រោយ ។

តាមគម្រោងការប្រកួតនៅថ្ងៃទី១៨ ខែកុម្ភៈនេះ គឺមាន ៣ប្រកួត ពោលគឺក្រុម Cambodian Tiger ត្រូវបើកកីឡដ្ឋានខេត្តសៀមរាបទទួលក្រុមស៊ីម៉ាក់ និងក្រុមអគ្គិសនីកម្ពុជា ត្រូវជួបក្រុមណាហ្គាវើល នៅកីឡដ្ឋានខេត្តស្វាយរៀង និងក្រុមបឹងកេតអង្គរ ជួបក្រុមក្រសួងការពារជាតិ ។ ប៉ុន្ដែដោយសារបឹងកេត ត្រូវចេញទៅប្រកួត AFC Cup 2017 នៅថ្ងៃទី១៨ ខែកុម្ភៈ ដើម្បីត្រៀមជួបក្រុមម្ចាស់ផ្ទះ Johor Darul Ta’zim របស់ម៉ាឡេស៊ី នៅថ្ងៃទី២១ ខែកុម្ភៈនោះ ជំនួបដ៏ទាក់ទាញនេះក៏ត្រូវលើកពេលតែម្ដង ។

លោក ឆាំង ពិសិដ្ឋ មន្ដ្រីគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា(CNCC) បានឲ្យដឹងថា ខណៈបឹងកេតមានធុរៈកិច្ចសំខាន់បែបនេះ CNCC បានសម្រេចតាមសំណើររបស់ក្លឹបជើងឯក ២ជំនាន់នេះ ដោយលើកការប្រកួតរវាងក្រុមបឹងកេតអង្គរ និងក្រុមក្រសួងការពារជាតិ ពីថ្ងៃទី១៨ ខែកុម្ភៈនេះ ទៅប្រកួតនៅថ្ងៃទី០១ ខែមិនា ឆ្នាំ២០១៧ខាងមុខវិញ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ