បឹងកេត ប៉ះទ័ពយប់មិញ រកបានថវិកា ៣១ លានរៀលជួយអង្គការមូលនិធិកុមារកម្ពុជា

ភ្នំពេញ៖ ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សប្បុរសធម៌ CNCC Charity Cup 2017 រវាងក្រុមជើងឯកលីគកំពូលកម្ពុជា បឹងកេតអង្គរ និងក្រុមក្រសួងការពារជាតិ ជើងឯកពានរង្វាន់ Hun Sen Cup ដែលរៀបចំដោយគណៈកម្មការប្រកួតបាល់ទាត់ជាតិ(CNCC) នៅលើទីលានពហុកីឡដ្ឋានជាតិកាលពីយប់មិញនេះ គឺបានប្រមូលថវិកាសប្បុរសធម៌សរុបចំនួន ៣១,០០០,០០០រៀល សម្រាប់បរិច្ចាគជូនដល់អង្គការមូលនិធិកុមមារកម្ពុជា (Cambodian Children’s Fund) ។

ពានរង្វាន់សប្បុរសធម៌លើកទី១នេះ ក្រុមបឹងកេតអង្គរ បានលត់ក្រសួងការពារជាតិ ដោយលទ្ធផល ៣-០ ។ ថ្វីត្បិតជាការប្រកួតលក្ខណៈមិត្តភាពក្ដី ប៉ុន្ដែការប្រកួតនេះបានបញ្ចប់ដោយភាពតានតឹងបំផុត ។ គ្រាប់បាល់ជ័យជម្នះរបស់បឹងកេត គឺកើតឡើងក្នុងតង់ទី១ ធ្វើសម្រេចដោយកីឡាករ ឃួន ឡាបូរ៉ាវី ២គ្រាប់ និងកីឡាករជប៉ុន Tomoki ១គ្រាប់ ។ រីឯក្រុមក្រសួងការពារជាតិ ក៏ព្យាយាមវាយបកដែរ តែធ្វើមិនបានស្រេច ហើយថែមទាំងត្រូវអាជ្ញាកណ្ដាលពិន័យកាតក្រហមកីឡាករកូរ៉េខាងជើងម្នាក់នៅចុងម៉ោងទៀតផង ។ ប៉ុន្ដែអ្វីដែលរីករាយ គឺការប្រកួតដើម្បីអបអរការត្រៀមបើកបើករដូវកាលថ្មី នៃការប្រកួតលីគកំពូលកម្ពុជា ឆ្នាំ២០១៧នេះ បានទទួលការចូលរួមពីអ្នកគាំទ្រជាច្រើន ហើយមានសប្បុរសជនជាច្រើន បានរួមចំណែកជាមួយមូលនិធិសប្បុរសធម៌ពីលើការលក់សំបុត្រ ដោយសរុបជាថវិកាទទួលបានពីការប្រកួតនេះមានចំនួន ៣១,០០០,០០០រៀល សម្រាប់ជួយដល់អង្គការមូលនិធិកុមារកម្ពុជា ។ លើសពីនេះតំណាង CNCC ក៏បានប្ដេជ្ញាចិត្តបន្ដរៀបចំឲ្យមានព្រឹត្តិការណ៍នេះជារៀងរាល់ឆ្នាំទៀតផងដែរ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ