ខ្សែប្រយុទ្ធ Gbenga ចាកចេញពីបឹងកេតអង្គរ ទៅលេងឲ្យអាស៊ីអឺរ៉ុប

ភ្នំពេញ៖ កីឡាករ Samuel Ajayi Gbenga ដែលជាដៃគូលើទីលានដ៏ល្អរបស់ខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា បានលេចវត្តមាននៅក្រុមអាស៊ីអឺរ៉ុបគួរឲ្យភ្ញាក់ផ្អើល បន្ទាប់ពីខ្សែបម្រើប្រយុទ្ធសញ្ជាតិនីហ្សេរីយ៉ារូបនេះ បានបញ្ចប់កិច្ចសន្យាជាមួយក្លឹបបឹងកេតអង្គរ ក្រោយបញ្ចប់ការប្រកួតពានរង្វាន់ TOYOTA Mekong Cup កាលពីដើមឆ្នាំ២០១៧កន្លងទៅ ។

បើតាមការឲ្យដឹងពីលោក ម៉ែន ពិសិដ្ឋ អ្នកចាត់ការទូទៅនៃក្រុមអាស៊ីអឺរ៉ុប បានបញ្ជាក់ថា Gbenga នឹងលេងឲ្យអាស៊ីអឺរ៉ុបនារដូវកាលថ្មី ឆ្នាំ២០១៧នេះ ហើយគេក៏ជាកីឡាករបរទេសទី៥ នៅក្នុងក្រុមអាស៊ីអឺរ៉ុបផងដែរ បន្ទាប់ពីថ្នាក់ដឹកនាំបាននាំចូលកីឡាករ ៤រូបរួចមកហើយ គឺមានកីឡាករនីហ្សេរីយ៉ា Momoh Degule Sumaila និង Bisan George រួមទាំងកីឡាករជប៉ុន ២រូប គឺអ្នកចាំទី Kenjiro Ogino និងខ្សែការពារ Kenjiro Ogino, ។ ប៉ុន្ដែយ៉ាងណាអ្នកចាត់ការក្រុមរូបនេះ មិនបានបរិយាយច្រើនពាក់ព័ន្ធនឹងការនាំចូលខ្សែបម្រើ-ប្រយុទ្ធ Gbenga នោះទេ ។

ប៉ុន្តែអ្វីដែលលោកសប្បាយចិត្ត គឺលោករំពឹងថា ការបង្ហាញវត្តមានរបស់កីឡាករបរទេសខាងលើ រួមទាំង Gbenga ផង នឹងជួយឲ្យក្រុមបាល់ទាត់អាស៊ីអឺរ៉ុបទទួលបានលទ្ធផលកាន់តែល្អ នៅក្នុងការប្រកួតលីគកំពូលកម្ពុជា រដូវកាលថ្មី ដែលគ្រោងនឹងចាប់ផ្ដើមការប្រកួតនាថ្ងៃទី១៨ ខែកុម្ភៈចុងសប្ដាហ៍ក្រោយនេះ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ