ឡៅ ចន្ទ្រា និងកីឡាករកម្ពុជា ២ រូបទៀត ត្រូវជួបជើងខ្លាំងថៃលើសង្វៀន CNC នៅថ្ងៃអាទិត្យនេះ

ភ្នំពេញ៖ លើសង្វៀន CNC នាយប់ថ្ងៃទី១១ ខែកុម្ភៈ ខាងមុខនេះ អ្នកប្រដាល់ឡៅ ចន្ទ្រា មកពីក្លិបទ័ពឆ័ត្រយោង៩១១ត្រូវប្រកួតជាមួយអ្នកប្រដាល់ថៃFanimit Viriyakfarm ក្នុងប្រភេទទម្ងន់៦៣,៥០គីឡូក្រាម ។ ចន្ទ្រាជាអ្នកប្រដាល់ជើងខ្លាំងមួយរូបដែលការប្រកួតរបស់គេមិនសូវជួបបរាជ័យឡើយ ។ អ្នកប្រដាល់ទាំង២រូបនេះពុំធ្លាប់ជួបប្រកួតគ្នាពីមុនមកទេតែសម្រាប់អ្នកប្រដាល់ថៃរូបនេះទំនងជាមិនអន់ឡើយទើបគេផ្គូរផ្គងឲ្យប្រកួតជាមួយចន្ទ្រាបែបនេះ ។អ្នកប្រដាល់កម្ពុជាឡៅ ចន្ទ្រាមានប្រវត្តិប្រកួតចំនួន៦៧ ដង ឈ្នះ៦០ដង ចាញ់៥ដង និងស្មើពិន្ទុ ២ ដង និងវាយគូប្រកួតឲ្យសន្លប់បាន២២ដង ។។ ឯ Fanimit Viriyakfarmវិញគេមានប្រវត្តិប្រកួតចំនួន១៨៣ដង ឈ្នះ១៣០ដង ចាញ់៥១ដងនិងវាយគូប្រកួតឲ្យសន្លប់បាន៤០ ដង ។ អ្នកប្រដាល់ថៃរូបនេះប្រវត្តិប្រកួតរបស់គេលើសចន្ទ្រាដាច់តែម្ដង ដូច្នេះចាំមើលជ័យជម្នះជារបស់នរណា ?
ព្រំ សារ៉ាម មកពីក្លិបកងទ័ពជើងទឹកត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃ Yodtakwan Doungchhaiphor ក្នុងប្រភេទទម្ងន់៩៥គីឡូក្រាម ។ សារ៉ាមជាអ្នកប្រដាល់ជើងចាស់តាំងពីសម័យលោកអេភូថងមកម្ល៉េះតែគេមិនមែនជាអ្នកប្រដាល់ដែលល្បីល្បាញនោះទេ ។ អ្នកប្រដាល់រូបនេះមានប្រវត្តិប្រកួតចំនួន៤០ដង ឈ្នះ២៨ដង ចាញ់១២ដង និង ធ្លាប់វាយគូប្រកួតឲ្យសន្លប់ចំនួន២២ដង ។គេជាអ្នកប្រដាល់ដែលមិនសូវមានកលល្បិចនោះទេគេវ៉ៃដោយប្រើកម្លាំងបាយច្រើនជាងកលល្បិចហើយបន្ទាប់ឆ្លងផុតទឹកទី២ទៅកម្លាំងរបស់គេធ្លាក់ចុះតែម្ដង ។ ចំពោះអ្នកប្រដាល់ថៃ Yodtakwan Doungchhaiphor វិញគេពុំធ្លាប់មកប្រកួតនៅស្រុកខ្មែរឡើយហើយសមត្ថភាពប៉ុណ្ណាៗនោះគ្មាននរណាដឹងនោះទេ ។ប្រកួតជាមួយអ្នកប្រដាល់ថៃដែរនោះពៅ សក្តិសិទ្ធ របស់ក្លិបតាព្រហ្មមានជ័យដែលមានប្រវត្តិប្រកួតចំនួន៨០ដងឈ្នះ៤៧ដង ចាញ់២៧ដងស្មើពិន្ទុ៦ដង និង វាយគូប្រកួតឲ្យសន្លប់បាន១៥ដងនោះប្រកួតជាមួយអ្នកប្រដាល់ថៃ Phittheravat RongreankilaYaksuthorn ដែលមានប្រវត្តិប្រកួតចំនួន៩១ដង ឈ្នះ៧១ដង ចាញ់១៧ដងស្មើពិន្ទុ ៣ដងនិងវាយគូប្រកួតឲ្យសន្លប់បាន១៦ដង ៕

អត្ថបទ៖ វ៉ាន្នី

 

 

 

មតិយោបល់

Sponsor

អត្ថបទថ្មីៗ