ប្រធានសហព័ន្ធប្រដាល់សាកល ដាក់បម្រាមឱ្យក្រុមជម្រើសជាតិបញ្ឈប់ការលួចទៅវាយសេរីគុនខ្មែរ

ភ្នំពេញ៖ លោកវេជ្ជបណ្ឌិតឆឹង យ៉ៅយ៉េន ប្រធានសហព័ន្ធប្រដាល់សាកលកម្ពុជាបានព្រមានជាលើកដំបូងថា ពេលនេះលោកជាប្រធានសហព័ន្ធប្រដាល់សាកលកម្ពុជាហេតុនេះអ្នកប្រដាល់សាកលជម្រើសជាតិទាំង ៦រូបមិនអនុញ្ញាតឲ្យទៅវ៉ៃគុនបូរាណខ្មែរតាមបណ្ដាស្ថានីយ៍ទូរទស្សន៍ឯកជននានាទៀតឡើយ ។ លោកបានបន្ទោសថាកន្លងមកសហព័ន្ធប្រដាល់ស្ថិតនៅក្រោមដំបូលជាមួយគ្នាទាំងសាកលទាំងគុនបូរាណខ្មែរ តែពេលនេះសហព័ន្ធមួយនេះត្រូវបានបែងចែកជា ២ហើយគឺប្រដាល់គុនបូរាណខ្មែរជាសហព័ន្ធមួយ រីឯប្រដាល់សាកលជាសហព័ន្ធមួយ ។ ដូច្នេះសម្រាប់អ្នកប្រដាល់សាកលលោកមិនអនុញ្ញាតឲ្យទៅវ៉ៃក្បាច់ប្រដាល់គុនបូរាណខ្មែរទៀតឡើយព្រោះបើបណ្ដោយវានឹងធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរខ្លាំងណាស់ដល់បច្ចេកទេស ហើយបើនរណាបំពានទៅវ៉ៃក្បាច់គុនបូរាណខ្មែរត្រូវតែដើរចេញពីសាកលព្រោះមិនអាចឡូកឡំគ្នាបានឡើយវានាំឱ្យខូចកីឡាករ ។លោកប៉ុន សុខនាយកមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាក៏បានប្រាប់ឲ្យដឹងដែរថា សហព័ន្ធត្រូវតែរឹងមាំនៅក្នុងរឿងនេះព្រោះក្បាច់ប្រដាល់ទាំង ២ នេះមួយប្រើដៃមួយទៀតប្រើទាំងដៃទាំងជើង ។ លោកក៏បានព្រមានថា បើពួកគេធ្វើកិច្ចសន្យាហ្វឹកហាត់ប្រដាល់សាកលហើយ តែបែរជាលួចទៅប្រកួតប្រដាល់គុនបូរាណខ្មែរនោះលោកនឹងមិនយោគយល់ឲ្យឡើយព្រោះក្រសួងអប់រំយុវជន និងកីឡាជាអ្នកឧបត្ថម្ភប្រាក់ខែ ប្រាក់ហូបចុកដល់ពួកគេច្រើនណាស់មួយខែៗ ។ លោកប៉ុន សុខ បានបញ្ជាក់ថាប្រសិនបើមានករណីអ្នកប្រដាល់សាកលលួចទៅវ៉ៃសេរីនោះសហព័ន្ធត្រូវតែព្រមានហើយក្នុងករណីធ្ងន់ធ្ងរត្រូវផ្លាស់ប្ដូរចេញដើម្បីកុំឲ្យបះពាល់ដល់បច្ចេកទេស ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ