កីឡាការិនីកម្ពុជា វី ស្រីខួច នឹងប៉ះជើងខ្លាំងលំដាប់អាសុី Ann Osman ក្នុងព្រឹត្តិការណ៍ THRONE OF TIGERS លើទឹកដីម៉ាឡេសុី

ភ្នំពេញ៖ នាវេលាម៉ោង ៧និង ៣០នាទីយប់ ថ្ងៃទី១០ ខែកុម្ភៈ ចុងសប្ដាហ៍នេះ អ្នកលេងក្បាច់គុនចម្រុះ MMA របស់កម្ពុជា គឺកីឡាការិនី វី ស្រីខួច នឹងត្រូវឡើងប្រកួតវៃដាក់ទ្រុង ONE FC Championship ជាមួយនឹងកីឡាការិនីរបស់ម៉ាឡេស៊ី Ann Osman ដែលជាជើងខ្លាំងដ៏ល្បីល្បាញលំដាប់ទ្វីបអាស៊ី ។ កីឡាការិនី​ទាំងពីរ​នឹងត្រូវ​ជួប​ប្រកួត​គ្នា​ក្នុង​សង្វៀន​ដាក់ទ្រុង​ក្នុង​ព្រឹត្តិការណ៍ ONE: THR-ONE OF TIGERS នៅ​កីឡដ្ឋាន Negara ក្នុង​ទីក្រុង​គូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី។
ស្រីខួច មាន​កំណត់ត្រា​ឈ្នះ ២ លើក​មិនដែល​ចាញ់ក្នុងការរប្រកួតអាជីព​ជាលើកទី១ ក្នុង​ព្រឹត្តិការណ៍ ONE: KINGDOM OF KHMER នៅសាល​មហោស្រព​កោះពេជ្រជា​កន្លែង​នាងបាន​យកឈ្នះ​លើ​កីឡាការិនី អេ យ៉ានុត ដោយ​ពិន្ទុ​ជាឯកច្ឆន្ទ កាលពីឆ្នាំ២០១៥ កន្លងទៅ។ កីឡាការិនីរូបនេះជឿជាក់​ថា ការប្រកួត ៣ ទឹក​ជាមួយ​នឹង Osman នឹងមាន​អត្ថប្រយោជន៍​ក្នុងការ​បង្កើន​កម្រិត​នៃការ​ទទួលស្គាល់​លើ​កីឡា MMA ផ្នែក​នារីក្នុង​ទ្វីប​អាស៊ី។ វី ស្រីខួច​បានបន្ថែមថា៖«ខ្ញុំ​មានការ​គោរព​យ៉ាងខ្លាំង​ចំពោះ​ការខិតខំ​ដែលនាង​បានធ្វើ​ដើម្បី​កសាង​កេរិ៍្ត​ឈ្មោះ​របស់​នារីក្នុងវិស័យ MMA របស់​អាស៊ី។ នេះជា​ឱកាស​មួយ​សម្រាប់​យើង​ក្នុងការ​បំបែក​របារ​បន្ថែមទៀត និង​ត្រួសត្រាយ​ផ្លូវ​សម្រាប់​អ្នក​ប្រយុទ្ធ​នារី​ជាច្រើន​ទៀត»។សូមបញ្ជាក់ថា តាមរយៈព្រឹត្តិការណ៍ប្រកួតដ៍សំខាន់មួយនេះ ស្រីខួចចង់បង្ហាញដល់សង្គេមខែ្មរ និងអន្តរជាតិថា បុរស និងស្ត្រីត្រូវមាន​សិទ្ធិ​ស្មើគ្នា​ក្នុង​កីឡា MMA។ ប្រសិនបើ​បុរសអាចធ្វើ​រឿង​ដ៏អស្ចារ្យស្ត្រីក៏​អាច​ធ្វើបាន​ដូចគ្នា​ផងដែរ ខណៈដែលរូបនាងមានជីវិត​រស់នៅ​ជាមួយ​នឹង​សិល្បៈ​ក្បាច់គុន​តាំងពី​នៅតូច​មកម្ល៉េះ ​ក្រោម​ឥទ្ធិពល​ឪពុក​របស់​នាងដែលជា​អ្នក​ស្នេហា​វិស័យ​កីឡា​ប្រដាល់​គុនខ្មែរ​ម្នាក់ ៕

អត្ថបទ៖ រត្ន័

មតិយោបល់

Sponsor

អត្ថបទថ្មីៗ