ព្រឹត្តិការណ៍រត់ដើម្បីសេចក្ដីស្រឡាញ់ដើម្បីប្ដូរឥរិយាបទយុវវ័យនៅថ្ងៃទី១២ កុម្ភៈ ខាងមុខ

ភ្នំពេញ៖ នៅថ្ងៃទី១២ ខែកុម្ភៈខាងមុខនេះ គណៈកម្មការស្ត្រីអមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានឹងរៀបចំព្រឹត្តិការណ៍រត់កម្សាន្តសប្បាយមួយនៅទីក្រុងរណបកោះពេជ្យដើម្បីចូលរួមចំណែកផ្លាស់ប្ដូរផ្នត់គំនិតយុវវ័យដែលច្រឡំថាថ្ងៃទី១៤កុម្ភៈជាថ្ងៃបុណ្យសង្សារនោះ ។ ក្នុងសន្និសីទកាសែតនាល្ងាចថ្ងៃទី៦ ខែកុម្ភៈ ឯកឧត្តមវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាមានប្រសាសន៍ថាព្រឹត្តិការណ៍នេះមានរត់៥គីឡូម៉ែត្រយុវជនអាយុក្រោម១៧ឆ្នាំរត់ ៥គីឡូម៉ែត្រអាយុ១៨ឆ្នាំឡើងដើរចងជើងជាគូ២០០ម៉ែត្រ  ។គួរបញ្ជាក់ថា សម្រាប់វិញ្ញាសារត់៥គីឡូម៉ែត្រមានការរត់ឆ្លងកាត់ចំណុចអាថ៌កំបាំងដែលគណៈកម្មការ និងម្ចាស់ឧបត្ថម្ភរៀបចំឡើង ។ អាថ៌កំបាំងនោះមានការប៉ាតម្សៅ ការចាប់រង្វាន់ផ្សងសំណាង និង ល្បែងផ្សេងៗទៀតដែលក្រុមហ៊ុន Smart រៀបចំឡើង ។ចំពោះវិញ្ញាសា១០០ម៉ែត្រចងជើង និង ១០០ម៉ែត្រកៀបកៀបប៉េងប៉ោងក្បាលទល់ក្បាលនោះគឺជាការលេងកម្សាន្តសុទ្ធសាធតែម្ដង ។ ពេលនេះមានយុវវ័យជាង២.០០០នាក់ហើយដែលបានចុះឈ្មោះចូលរួមរត់ ។ នេះជាឱកាសយកកីឡាដើម្បីផ្លាស់ប្ដូរឥរិយាបទយុវវ័យហើយថវិកាដែលប្រមូលបានយកទៅទិញសម្ភារៈកីឡាជួយដល់សាលាដែលខ្សត់ខ្សោយ។លោកជំទាវម៉ក់ វណ្ណស៊ីថាប្រធានគណៈកម្មការស្ត្រី និងកីឡាមានប្រសាសន៍ដែរថា៖ «នេះជាយុទ្ធនាការកែប្រែឥរិយាបទយុវវ័យតាមរយៈកីឡា យើងព្យាយាមកែប្រែសកម្មភាពមួយចំនួនដើម្បីកុំឲ្យពួកគេផុងខ្លួនកាន់តែជ្រៅទៅក្នុងការភ័ន្តច្រឡំនេះ ហើយព្រឹត្តិការណ៍នេះគេមិនសង្កត់ធ្ងន់ទៅលើចំណាត់ថ្នាក់នោះទេតែគិតទៅលើការចូលរួម និងការកែប្រែចរិតយុវវ័យរបស់យើងតែប៉ុណ្ណោះ ។»

អត្ថបទ៖ រ័ត្ន

មតិយោបល់

Sponsor

អត្ថបទថ្មីៗ