អាចទេ! គ្រូក្រុមសិង្ហបុរីថា មិនឲ្យរបូត ១គ្រាប់ឡើយប៉ះភ្នំពេញក្រោនល្ងាចនេះ

ភ្នំពេញ៖ ទោះបីក្រុម Home United មានប្រៀបទាំងការប្រកួតលើទឹកដី និងធ្លាប់យកឈ្នះភ្នំពេញញក្រោន ៤-៣ ក្នុងជំនួបជើងទី១ នៃវគ្គជម្រុះ Play-Off ពានរង្វាន់ AFC Cup 2017 ក៏ពិតមែន ប៉ុន្ដែជំនួបជើងទី២ នាវេលាម៉ោង ៦៖៣០នាទីល្ងាចនេះ លោក Aidil Sharin គ្រូបង្វឹករបស់ Home United ទាមទាឈ្នះដាច់ខាត ហើយថា នឹងមិនឲ្យក្រុមភ្ញៀវភ្នំពេញក្រោន រកបានគ្រាប់បាល់សូម្បីតែ ១គ្រាប់ឡើយ ។
 ដូច្នេះចាំមើល តើមហិច្ឆតារបស់គ្រូក្រុមជើងខ្លាំងសិង្ហបុរីនេះ អាចបានសម្រេច ឬក៏ដោយយ៉ាងណា? បន្ទាប់ពីដឹកនាំក្រុម Home United យកឈ្នះក្រុមភ្នំពេញក្រោន កាលពីជើងទី១ លោក Aidil Sharin បានលើកឡើងថា កូនក្រុមខ្លួនមិនសមធ្វើបានត្រឹមជ័យជម្នះ ៤-៣ នោះទេ ប៉ុន្ដែលោកនឹងព្យាយាមធ្វើឲ្យបានល្អបំផុត សម្រាប់ការប្រកួតជើងទី២ លើទឹកដីរបស់ខ្លួនល្ងាចនេះ ។ មិនតែប៉ុណ្ណោះ លោកថែមទាំងបោះសម្ដីថា នឹងការពារមិនឲ្យរបូតគ្រាប់បាល់សូម្បីតែ ១គ្រាប់ទៀតផង ។ ប៉ុន្ដែទន្ទឹមនឹងការថ្លែងបែបនេះ លោកក៏បានបង្ហាញពីការប្រុងប្រយ័ត្ន ចំពោះក្រុមសម្បូរទៅដោយកីឡាករវ័យក្មេងភ្នំពេញក្រោនផងដែរ ។ គួរបញ្ជាក់ថា ដោយសារភ្នំពេញក្រោន ធ្លាប់ចាញ់ Home United ដោយលទ្ធផល ៤-៣ លើទឹកដីរបស់ខ្លួន កាលពីថ្ងៃទី០៣ ខែមករាកន្លងទៅ ដូច្នេះសម្រាប់ការប្រកួតជើងទី២ ក្រៅទឹកដីល្ងាចនេះ ភ្នំពេញក្រោនដាច់ខាតត្រូវការឈ្នះ ហើយត្រូវមានគ្រាប់បាល់បំប៉ោងសំណាញ់ទីក្រុមម្ចាស់ផ្ទះសិង្ហបុរីនេះ យ៉ាងតិចចាប់ពី ២គ្រាប់ឡើង ទើបអាចបន្ដដំណើរទៅវគ្គចែកពូលនៃពាន AFC Cup 2017 នេះបាន ៕

អត្ថបទ៖ បុត្រា

មតិយោបល់

Sponsor

អត្ថបទថ្មីៗ