២៥ ក្រុមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ Youth’s Volleyball Western-Cup ឆ្នាំនេះ

ភ្នំពេញ៖ សម្រាប់ឆ្នាំ២០១៧នេះព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះដែលគេប្រសិទ្ធិនាមថា Youth’s Volleyball Western-Cup នោះមានក្រុមបាល់ទះវិទ្យាល័យនានានៅក្នុងរាជធានីភ្នំពេញចំនួន ២៥ក្រុមចូលរួម ។ នេះគឺជាការប្រកួតសម្រាប់សិស្សដែលរៀននៅថ្នាក់ទី៩ ដល់ថ្នាក់ទី១២ ហើយសម្រាប់អ្នកដែលអាចចូលរួមប្រកួតបានត្រូវតែមានអាយុត្រឹម១៩ឆ្នាំចុះ ។ សម្រាប់វ័យយុវជនបែបនេះគឺលេងបាល់ដែលមានរង្វង់ពី ៦៥ទៅ៦៧សង្ទីម៉ែត្រមានទម្ងន់ពី ២៨០ដល់៣៦០ក្រាម និងកម្ពស់សំណាញ់ ២,៤៣ម៉ែត្រ ។ ក្នុងសន្និសីទកាសែតនាល្ងាចថ្ងៃទី៦ ខែកុម្ភៈ ម្សិលមិញ លោកតែ ឡូរិន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Western បានថ្លែងថា សម្រាប់ការប្រកួតនេះក្រុមដែលបានចំណាត់ថ្នាក់លេខ១ នឹងទទួលបានរង្វាន់ ១០លានរៀល អាហារូបករណ៍៥០ភាគរយនិងសម្ភារៈសិក្សាមួយចំនួនទៀត បំពោោះចំណាត់ថ្នាក់លេខ២ ទទួលបានរង្វាន់៦លានរៀល ចំណែកលេខ ៣ ទទួលបាន ៤លានរៀល និងលេខ៤ បាន៣លានរៀល រីឯអាហារូបករណ៍បាន ៥០ភាគរយដូចគ្នា និងសម្ភារៈសិក្សាមួយចំនួនដូចគ្នា ។លោកស្រេង សេងប្រធានការិយាល័យកីឡានៃមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញបានបញ្ជាក់ថា ក្នុងចំណោមក្រុមទាំង២៥នេះបែងចែកជា ៤ ពូលហើយពូលនីមួយៗត្រូវប្រកួតជម្រុះយកតែ២ក្រុមឡើងលេងបន្តវគ្គ៨ក្រុមចុងក្រោយ ។ លោកម៉ុក ភីរ័ក្សដែលជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការរៀបចំការប្រកួតបានបញ្ជាក់ដែរថាឆ្នាំនេះវិទ្យាល័យណារៀបចំការប្រកួតបានល្អនោះនឹងបានទទួលពិន្ទុបន្ថែម ហើយក្នុងឆ្នាំនេះលោកព្យាយាមពង្រីកវិសាលភាពនៃការប្រកួតឲ្យដល់តំបន់ជាយក្រុងឲ្យបានច្រើន ។លោកអ៊ុក ចន្ថាអនុប្រធានមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញបានបន្ទោសថាមានវិទ្យាល័យចំនួន១១ទៀតដែលមិនព្រមចូលរួមប្រកួតដោយលើកហេតុផលគ្មានលុយ គ្មានទីលាន ឬ ទីលានលិចទឹក ដែលនេះជាហេតុផលមិនត្រឹមត្រូវឡើយ ។ គួរបញ្ជាក់ថានេះគឺជាឆ្នាំទី៨ហើយដែលសាកលវិទ្យាល័យ Western រៀបចំនូវព្រឹត្តិការណ៍នេះឡើង ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

Sponsor

អត្ថបទថ្មីៗ